អននុសោចិយជាតកទី ៨

ក្បាលទី 47 · ទំព័រ 196

( តាបសពោធិសត្វពោលថា ) នាងសម្មិល្លហាសិនី ជា ស្រីដ៏ចម្រើន មានក្នុងចន្លោះពួកសត្វដ៏ច្រើន ដែលស្លាប់ហើយ ពួកសត្វ ដែលស្លាប់ហើយនោះ នឹងមានប្រយោជន៍អ្វីដល់ខ្ញុំ ហេតុនោះ បានជាខ្ញុំមិន សោកស្តាយនាងសម្មិល្លហាសិនី ជាទីស្រឡាញ់នុ៎ះឡើយ ។ វត្ថុណាៗ មិនមានដល់សត្វនោះ បើសត្វគប្បីសោកស្តាយ ចំពោះវត្ថុដែលគ្មាននោះៗ គប្បីសោកស្តាយចំពោះខ្លួនឯង ដែលលុះក្នុងអំណាចនៃមច្ចុគ្រប់កាលផង ។ អាយុសង្ខារ មិនទៅតាមសត្វណាមួយ ដែលឈរ អង្គុយ ដេក ដើរទៅមកឡើយ សត្វបើកភ្នែក ធ្មេចភ្នែក ដរាបណា វ័យរបស់សត្វ តែងរំកិលទៅដរាបនោះ ។ កាលបើសេចក្តីព្រាត់ប្រាសក្នុងខ្លួន ជាផ្លូវឥតសង្ស័យនោះ ហើយ បុគ្គលគប្បីអាណិតសត្វរស់នៅដ៏សេសសល់ មិនគួរសោយសោក ចំពោះសត្វដែលច្យុតហើយទេ ។