អដ្ឋកថា កាឡពាហុជាតកទី ៩
[ ៦១៤-៦១៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តដែលវិនាសចាកលាភសក្ការៈ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា យំ អន្នបនស្ស ដូច្នេះជាដើម ។ កាលទេវទត្តចងសេចក្តីក្រោធ ដែលមិនគួរក្នុងព្រះតថាគត ហើយប្រកប នាយខ្មាន់ធ្នូ ទោសកំហុសរបស់ទេវទត្តនោះបានប្រាកដ ព្រោះលែងដំរីនាឡាគិរី ។ លំដាប់នោះ មនុស្សទាំងឡាយក៏នាំគ្នាផ្តាច់ធុវភត្តជាដើម ដែលផ្តើមតាំងទុក ដល់ទេវទត្ត ព្រះរាជាក៏ទ្រង់មិនសម្លឹងមើលទេវទត្តនោះ ។ ទេវទត្តវិនាស លាភសក្ការៈ ទើបត្រាច់សូមក្នុងត្រកូលទាំងឡាយបរិភោគ ។ ភិក្ខុទាំងឡាយ ក៏អង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តគិតថា នឹង ញ៉ាំងលាភសក្ការៈឲ្យកើតឡើង តែលាភសក្ការៈដែលកើតឡើងហើយ ក៏មិន អាចធ្វើឲ្យគង់វង់ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ ថា មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏ បានជាអ្នកវិនាសចាកលាភសក្ការៈ ទើបទ្រង់នាំយកអតីតនិទានមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទធនញ្ជ័យសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ យោនយកកំណើតជាសត្វសេក ឈ្មោះរាធៈ មានរាងកាយធំ មាំមួន ចំណែកសេកជាប្អូនរបស់ព្រះពោធិសត្វនោះ ឈ្មោះថាបោដ្ឋបាទ ។ ព្រានព្រៃម្នាក់ ចាប់សេកបងប្អូនទាំងពីរនោះបាន ទើបនាំទៅថ្វាយព្រះបាទ ពារាណសី ។ ព្រះរាជាឲ្យដាក់សេកទាំងពីរក្នុងទ្រុងមាស ឲ្យបរិភោគលាជ លាយដោយទឹកឃ្មុំ ក្នុងភាជន៍មាស ឲ្យផឹកទឹកដែលលាយដោយស្ករក្រាម ចិញ្ចឹមទុក បានធ្វើ