កច្ចានិជាតកទី ១
សុត្តន្តបិដក អដ្ឋកនិបាត ជាតក ៣ ( ព្រះឥន្ទ្រពោធិសត្វបានពោលថា ) ម្នាលនាង កច្ចានី ថ្វីក៏បានជានាងស្លៀកដណ្តប់សំពត់សស្អាត មានសក់ ទទឹក ហើយដាំឆ្នាំង លាងម្សៅល្ង និងអង្ករ បាយលាយដោយ ល្ង កើតមានឡើង តើព្រោះហេតុដូចម្តេច ។ ( នាងកច្ចានីបានពោលថា ) ម្នាលព្រាហ្មណ៍ បាយ លាយដោយល្ងដែលខ្ញុំចម្អិនដោយប្រពៃនេះ មិនមែនបម្រុងនឹង បរិភោគខ្លួនឯងទេ ( ព្រោះថា ) ធម៌ស្លាប់បាត់ទៅហើយ ថ្ងៃនេះ ខ្ញុំនឹងធ្វើការបូជាចំពោះធម៌នោះ ក្នុងកណ្តាលព្រៃស្មសាន ។ ( ព្រះឥន្ទ្រពោលថា ) ម្នាលនាងកច្ចានី នាងចូរ ពិចារណាសិន ហើយសឹមធ្វើនូវកិច្ចដែលត្រូវធ្វើចុះ អ្នកណា ប្រាប់នាងថា ធម៌ស្លាប់ទៅហើយ ព្រះសហស្សនេត្ត គឺព្រះឥន្ទ្រ មានអានុភាពរកអ្វីថ្លែងថ្លឹកពុំបានជា បុគ្គលមានធម៌ដ៏ប្រសើរ មិនដែលស្លាប់ក្នុងកាលណាម្តងឡើយ ។ ( នាងកច្ចានីពោលថា ) ម្នាលព្រហ្ម ការណ៍ប្រមាណ ដ៏មាំរបស់ខ្ញុំក្នុងហេតុនេះ ធម៌ស្លាប់បាត់ទៅហើយ ខ្ញុំមិនមាន សង្ស័យក្នុងហេតុនេះទេ ឥឡូវនេះ ពួកជនណាៗ ដែលជាបុគ្គល លាមក ពួកជននោះៗ បែរជាបានសុខក្នុងកាលឥឡូវនេះ ។ ត្បិតកូនប្រសាស្រីខ្ញុំ ជាស្រីអារ វាបណ្តេញខ្ញុំហើយ សម្រាលកូនប្រុស ឥឡូវនេះ វាបានជាធំលើត្រកូលទាំងអស់ ខ្ញុំជ្រាស្តីមិនមានទីពឹង នៅតែម្នាក់ឯង ។ ( ព្រះឥន្ទ្រពោលថា ) យើងនៅរស់ យើងមិនទាន់ ស្លាប់នៅឡើយ យើងមកក្នុងទីនេះ ក៏ដើម្បីជាប្រយោជន៍ដល់ នាងឯង កូនប្រសាស្រីណា ដែលបានបណ្តេញនាង ហើយបាន កូនប្រុស យើងនឹងធ្វើកូនប្រសានោះឲ្យខ្ទេចជាផេះ ព្រមទាំងកូនប្រុស មិនខាន ។