គង្គមាលជាតកទី ៥

ក្បាលទី 48 · ទំព័រ 53

( ស្តេចទ្រង់ត្រាស់សួរភតិកបុរសថា ) ប្រឹថពីជា ផែនដីក្តៅដូចរងើកភ្លើង ប្រកបដោយដីខ្សាច់ ( ក្តៅ ) ដូចផេះ ( ដែលភ្លើងឆេះ ) អ្នកច្រៀងនូវទំនុកទាំងឡាយ កម្តៅថ្ងៃមិនដុត កម្តៅអ្នកទេឬ ។ ព្រះអាទិត្យក្តៅខាងលើ ដីខ្សាច់ក្តៅខាងក្រោម អ្នកច្រៀងនូវទំនុកទាំងឡាយ កម្តៅថ្ងៃមិនដុតកម្តៅអ្នកទេឬ ។ ( ភតិកបុរសក្រាបទូលថា ) កម្តៅថ្ងៃមិនដុតកម្តៅខ្ញុំ ព្រះអង្គបានទេ កម្តៅ គឺកាមទាំងឡាយ ទើបញ៉ាំងខ្ញុំព្រះអង្គឲ្យ ក្តៅបាន បពិត្រព្រះរាជា ប្រយោជន៍ទាំងឡាយមានប្រការផ្សេងៗ ប្រយោជន៍ទាំងនោះ តែងដុតកម្តៅ ឯកម្តៅថ្ងៃមិនដុតកម្តៅទេ ។ ម្នាលកាម យើងបានឃើញឫសគល់របស់អ្នកហើយ ម្នាលកាម អ្នកកើតអំពីសេចក្តីត្រិះរិះ យើងលែងត្រិះរិះអ្នកទៀត ហើយ ម្នាលកាម កាលបើយ៉ាងនេះ អ្នកនឹងមិនកើតមាន ( តទៅទៀត ទេ ) ។ កាមទាំងឡាយ សូម្បីតិចក៏នៅតែមិនល្មម សូម្បី ច្រើនក៏នៅតែមិនស្កប់ស្កល់ ឱមុខគួរសង្វេគ និងការចរចារបស់ ពួកជនពាល បុគ្គលលុះតែប្រឹងប្រកបព្យាយាម ទើបត្រាស់ដឹង បាន ។ ( ព្រះរាជាឧទយៈត្រាស់ថា ) នេះជាផលកម្ម មាន ប្រមាណតិចរបស់យើង ឧទយៈបានសម្រេចនូវភាពជាធំ ឱហ្ន៎ មាណពណាបានលះនូវតម្រេកក្នុងកាមហើយបួស មាណពនោះ ឈ្មោះថា បានល្អហើយ ។ ( ព្រះវររាជមាតា ត្រាស់សួរថា ) ពួកសត្វតែង លះបង់នូវបាបកម្ម ( របស់ខ្លួន ) ដោយតបៈ លះបង់នូវភាវៈ នៃខ្លួនជាខ្មាន់ព្រះកេស និងស្មូនឆ្នាំងដោយតបៈ នែគង្គមាល ថ្ងៃនេះ អ្នកហានរំលោភហៅព្រហ្មទត្ត ( កូនអញ ) ដោយចំ ឈ្មោះ ព្រោះអាងមានតបៈឬ ។