អដ្ឋកថា គង្គមាលជាតកទី ៥

ក្បាលទី 48 · ទំព័រ 55

[ ៤៥៣-៤៦០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឧបោសថកម្ម ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អង្គារជាតា ដូច្នេះ ជាដើម ។ មានសេចក្តីសង្ខេបថា ថ្ងៃមួយ ព្រះសាស្តាទ្រង់ហៅអ្នករក្សាឧបោសថ មកហើយ ត្រាស់ថា ម្នាលឧបាសកទាំងឡាយ អ្នកទាំងឡាយធ្វើឧបោសថកម្ម ឲ្យសម្រេចល្អហើយ អ្នករក្សាឧបោសថគួរឲ្យទាន រក្សាសីល មិនក្រោធ ចម្រើនមេត្តា ចូររក្សាឧបោសថ បណ្ឌិតក្នុងកាលមុន បាននូវយសធំ ព្រោះ អាស្រ័យឧបោសថកម្មដែលរក្សាពាក់កណ្តាលថ្ងៃ ដូច្នេះ ពួកឧបាសកទាំងនោះ ទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ក្នុងនគរនោះ មានសេដ្ឋីម្នាក់ឈ្មោះសុចិបរិវារ មានសម្បត្តិ ៨០ កោដិ ជាអ្នក ត្រេកអរក្នុងបុណ្យកុសល មានការឲ្យទានជាដើម ។ បុត្រក្តី ភរិយាក្តី ជនជា បរិវារក្តី ដោយហោចក្មេងឃ្វាលគោក្នុងផ្ទះនោះក្តី សុទ្ធតែជាអ្នករក្សាឧបោសថមួយខែ ៦ ថ្ងៃ ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកក្រីក្រមួយ ស៊ីឈ្នួលគេចិញ្ចឹមជីវិត រស់នៅដោយសេចក្តីលំបាក ។ ព្រះពោធិសត្វគិតថា អញនឹងធ្វើការស៊ីឈ្នួល ទើបទៅកាន់ផ្ទះរបស់សុចិបរិវារសេដ្ឋី ថ្វាយបង្គំ ហើយ ឈរក្នុងទីសមគួរ នាចំណែកម្ខាង កាលលោកសេដ្ឋីសួរថា អ្នកមក ធ្វើអ្វី ក៏ពោលថា មកដើម្បីស៊ីឈ្នួលធ្វើការងារក្នុងផ្ទះរបស់លោក ។ សេដ្ឋី ធ្លាប់ពោលប្រាប់កូនឈ្នួលដទៃៗ ក្នុងថ្ងៃដែលមកដល់ថា បុគ្គលដែលធ្វើការក្នុង ផ្ទះនេះ រក្សាសីលគ្រប់ៗ គ្នា បើអ្នកអាចរក្សាសីលបាន ក៏ចូរធ្វើការងារចុះ តែ សម្រាប់ព្រះពោធិសត្វ សេដ្ឋីមិនបានប្រាប់ឲ្យរក្សាសីល ទទួលព្រះពោធិសត្វ ថា សាធុ ចូរអ្នកស៊ីឈ្នួលធ្វ