ចេតិយរាជជាតកទី ៦

ក្បាលទី 48 · ទំព័រ 73

( តាបសនិយាយថា ) ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែង មិនសម្លាប់វិញតិចតួចឡើយ ។ ព្រោះហេតុនោះ ព្រះអង្គមិន ត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយត្រ ឡប់សម្លាប់ព្រះអង្គវិញបានឡើយ ។ កាលបើស្តេចពោលពាក្យកុហក ពួកទេវតារមែង គេចចេញ ( លែងរក្សា ) ស្តេចណាជ្រាបកាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះដោយប្រការដទៃវិញ ព្រះឱស្ឋស្តេចនោះ រមែងមានក្លិនស្អុយផ្សាយចេញទៅ ទាំងស្តេចនោះទៀត រមែង ឃ្លាតចាកកន្លែងរបស់ខ្លួន បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គ ទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទ ចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ឋិតនៅលើផែនដី ។ ស្តេចណា ជ្រាបកាលគេសួរប្រស្នាហើយ ក៏ព្យាករ ប្រស្នានោះដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះក្នុងកាលមិន គួរ ( ក្នុងដែន ) របស់ស្តេចនោះ ភ្លៀងរមែងមិនធ្លាក់ចុះក្នុង កាលគួរ ( ក្នុងដែនរបស់ស្តេចនោះ ) បពិត្រព្រះរាជា បើព្រះអង្គ ទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យ ព្រះអង្គចូលទៅកាន់ផែនដី ( ត្រឹមព្រះជានុ ) ។ បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណា ជ្រាបកាល គេសួរប្រស្នាហើយក៏ ព្យាករប្រស្នានោះដោយប្រការដទៃវិញ អណ្តាតរបស់ស្តេចនោះ រមែងបែកជាពីរ ដូចជាអណ្តាតនៃ ពស់ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យ ព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលកាន់ផែនដីក្រៃលែង ( ជាងនេះ គឺត្រឹមចង្កេះ ) ។