ទីបិជាតកទី ១០
( មេពពែនិយាយនឹងខ្លាថា ) បពិត្រពុកធំ លោក ល្មមអត់ធន់បាន ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានដែរឬ លោកបានសេចក្តីសុខទេឬ ម្តាយខ្ញុំបាននិយាយសួរសេចក្តីសុខ របស់លោក ព្រោះថា យើងទាំងឡាយជាអ្នកប្រាថ្នាសេចក្តីសុខ ដល់លោក ។ ( ខ្លាឆ្លើយតបថា ) ម្នាលមេពពែ នាងឯងបានដើរជាន់ កន្ទុយរបស់អញ ធ្វើឲ្យអញលំបាក ថ្ងៃនេះ នាងឯងស្មានថា អាត្មាអញនឹងរួចទោស ដោយសារការហៅអញថា ពុកធំ ដូច្នេះឬ ។ ( មេពពែនិយាយថា ) អ្នកអង្គុយបែរមុខទៅទិស ខាងកើត ចំណែកខ្ញុំក៏បានដើរមកចំមុខរបស់អ្នក កន្ទុយរបស់ អ្នកនៅពីខាងក្រោយទេ ចុះខ្ញុំជាន់កន្ទុយរបស់អ្នក ដោយប្រការ ដូចម្តេចបាន ។ ( ខ្លានិយាយថា ) ទ្វីប ៤ ព្រមទាំងសមុទ្រ និងភ្នំ មាននៅត្រឹមណា កន្ទុយរបស់អញ ក៏មាននៅត្រឹមណោះដែរ ហងឯងនឹងវៀរឲ្យផុត ( ពីកន្ទុយរបស់អញ ) ដូចម្តេចបាន ។ ( មេពពែនិយាយថា ) អំពីដើមមក មាតាបិតា និង បងឈ្មោលរបស់ខ្ញុំ ក៏បានប្រាប់ហេតុនុ៎ះហើយថា កន្ទុយសត្វ សាហាវវែងណាស់ ( ព្រោះហេតុនោះ បានជា ) ខ្ញុំហោះមក តាមអាកាស ។ ( ខ្លានិយាយថា ) នែមេពពែ ហ្វូងម្រឹគរត់បាត់អស់ ទៅ ព្រោះឃើញហងឯងហោះមកក្នុងអាកាស ហងឯងបំផ្លាញ ចំណីរបស់អញអស់ ។ ( អភិសម្ពុទ្ធគាថា ) កាលដែលមេពពែកំពុងតែ និយាយរៀបរាប់យ៉ាងនេះ ខ្លាដំបងដែលជាសត្វស៊ីឈាម ក៏ ស្ទុះទៅចាប់កាច់កនៃពពែសម្លាប់ទៅ ឱ សម្តីល្អ មិនមានក្នុង បុគ្គលអាក្រក់ឡើយ ។ ការដឹកនាំ ១ ធម៌ ១ និងសម្តីល្អ ១ មិនមាន ក្នុងបុគ្គលអាក្រក់ទេ បុគ្គលគួរគេចវាងពួកបុគ្គលអាក្រក់ ហើយ ប្រឹងប្រកបព្យាយាម ព្រោះពួកបុគ្គលអាក្រក់នោះ មិនត្រេកអរ នឹងពួកសប្បុរសឡើយ ។