អដ្ឋកថា ទីបិជាតកទី ១០
[ ៤៩៧-៥០៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ មេពពែមួយក្បាល ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ខមនីយំ យាបនីយំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា សម័យមួយ ព្រះមហាមោគ្គល្លាននៅត្រង់គិរិព្វជៈ សេនាសនៈដែលព័ទ្ធដោយភ្នំ មានទ្វារចេញតែម្ខាង ទីចង្រ្កមរបស់លោក មានក្បែរទ្វារភ្នំនោះ ។ ក្នុងកាលនោះ ពួកអ្នកចិញ្ចឹមពពែ គិតថា ពពែត្រាច់ ទៅក្នុងទីនេះ ទើបកេងោពពែចូលទៅក្នុងញកភ្នំ ហើយនាំគ្នាលេង ។ ល្ងាចថ្ងៃ មួយ កាលពួកអ្នកចិញ្ចឹមពពែ នាំគ្នាកេងោហ្វូងពពែទៅ មេពពែមួយដើរឆ្ងាយ អំពីហ្វូង មិនឃើញហ្វូងពពែចេញទៅ ក៏ដើរតែឯង ខ្លាមួយឃើញមេពពែ នោះដើរតែឯង ទើបគិតថា អញនឹងស៊ីមេពពែនោះ ហើយទៅឈរខាងស្តាំ ទ្វារញកភ្នំ ។ មេពពែសម្លឹងមើលឆ្វេងស្តាំ ឃើញខ្លាធំនោះ គិតថា ខ្លា នេះកំពុងឈរដើម្បីសម្លាប់អញ បើអញត្រឡប់ក្រោយ គេចទៅ ក៏គង់មិន រួចជីវិត អញគួរធ្វើសេចក្តីក្លាហានក្នុងថ្ងៃនេះ ដូច្នេះហើយ ទើបអើតក្បាល រត់ចូលទៅរកខ្លានោះដោយរហ័ស ខ្លាគេចដោយគិតថា អញនឹងចាប់ខាងនេះ តែមិនទាន់ មេពពែបានចូលដល់ព្រៃស្តុក គេចចូលក្នុងហ្វូងពពែបាន ។ ព្រះមហាមោគ្គល្លាន បានឃើញកិរិយារបស់សត្វទាំង ២ នោះ ស្អែក ឡើងទៅក្រាបទូលព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន មេពពែនោះបានធ្វើ សេចក្តីព្យាយាម ដោយភាពដែលខ្លួនឈ្លាសក្នុងឧបាយ ទើបរួចអំពីក្រញាំខ្លា បានយ៉ាងនេះ ព្រះសាស្តាត្រាស់ថា ម្នាលមោគ្គល្លាន ខ្លាមិនអាចចាប់មេពពែ នោះបានក្នុងកាលឥឡូវនេះ តែក្នុងកាលមុន ខ្លាបានសម្លាប់មេពពែនោះ ដែលកំពុងយំសោក ទំពាស៊ីហើយ ដូច្នេះ ។ ព្រះមហាមោគ្គល្លានបានទូល អារាធនាឲ្យត្រាស់រឿង ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង