ចុល្លសុវករាជជាតកទី ៤
( ស្តេចហង្ស និយាយនឹងស្តេចសេកថា ) ដើមឈើ ទាំងឡាយច្រើនណាស់ ដែលមានស្លឹកខេវោ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះមានចិត្តរីករាយជានិច្ច តែនឹង ដង្គត់ឈើពុកស្ងួត ។ ( ស្តេចសេក និយាយតបវិញថា ) យើងបានចូលទៅ បរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបី យើងដឹងថា ឈើនោះ មិនមានផ្លែហើយ ការមេត្រីនោះ ក៏នៅ ដូចដើម ។ ( ស្តេចហង្ស និយាយថា ) សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើដែលពុកស្ងួត ជ្រុះស្លឹកអស់មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នកសម្គាល់ឃើញទោស ( ក្នុងការលះចោលនោះ ) ដូចម្តេច ។ ( ស្តេចសេក និយាយថា ) ពួកសត្វណា មាន សេចក្តីត្រូវការដោយផ្លែ ហើយគប់រកនូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោលនូវដើមឈើនោះ ពួកសត្វស្លាបនោះ ឈ្មោះថា មានប្រាជ្ញា គិតតែប្រយោជន៍ផ្ទាល់ខ្លួន មានប្រាជ្ញាមិន ល្អ រមែងញ៉ាំងចំណែកនៃសេចក្តីរាប់អានឲ្យវិនាស ។ ( ស្តេចហង្ស និយាយថា ) ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តនឹងធម៌នេះ អ្នកនឹងបានជាទី សរសើរនៃពួកវិញ្ញូជន ។ ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅតាម អាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នា នូវពរណានីមួយ ចូរទទួលយកពរនោះចុះ ។ ( ស្តេចសេក និយាយថា ) ខ្ញុំសូមឲ្យបានឃើញនូវ ដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញដូចដើម ខ្ញុំគប្បីរីករាយ រឿយៗ ដូចមនុស្សកម្សត់បានកំណប់ទ្រព្យ ។