លោមសកស្សបជាតកទី ៧
( ព្រះឥន្ទនិយាយនឹងព្រះបាទព្រហ្មទត្តថា ) បពិត្រ ព្រះរាជា បើព្រះអង្គញ៉ាំងឥសីឈ្មោះលោមសកស្សបៈឲ្យបូជា យញ្ញ ព្រះអង្គនឹងបានទៅជាបុគ្គលមិនចាស់ មិនស្លាប់ ស្មើនឹង ព្រះឥន្ទ ដោយពិត ។ ( តាបសពោធិសត្វពោលនឹងអាមាត្យថា ) បុគ្គល មិនគួរប្រាថ្នានូវផែនដីដែលមានសមុទ្រព័ទ្ធជុំវិញ ដូចកុណ្ឌលក្នុង សាគរ ព្រមទាំងពាក្យតិះដៀលទេ ម្នាលសេយ្ញាមាត្យ អ្នកចូរ ដឹងយ៉ាងនេះចុះ ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្ត ( ចិញ្ចឹមជីវិត ) ណា ដោយកិរិយាបំផ្លាញជីវិតគេ ឬដោយការប្រព្រឹត្តមិនត្រូវតាមធម៌ មុខគួរឲ្យតិះដៀលនូវការបានយស និងការបាននូវទ្រព្យដោយ ការប្រព្រឹត្តនោះ ។ បុគ្គលបួសដើរបិណ្ឌបាត ការចិញ្ចឹមជីវិតនោះ ប្រសើរ ជាងការស្វែងរកខុសធម៌ ។ បុគ្គលបួសដើរបិណ្ឌបាត មិនបៀតបៀនជនដទៃក្នុង លោក ការនោះប្រសើរជាងរាជសម្បត្តិទៅទៀត ។ ( មហាជននិយាយថា ) ព្រះចន្ទមានកម្លាំង ព្រះ អាទិត្យមានកម្លាំង ពួកសមណព្រាហ្មណ៍មានកម្លាំង ច្រាំងសមុទ្រ មានកម្លាំង ឯពួកស្ត្រីមានកម្លាំងលើសលុបជាងកម្លាំង ( នោះៗ ទៅទៀត ) ។ ដូចជារាជធីតាឈ្មោះចន្ទវតី បានញ៉ាំងឥសីឈ្មោះ លោមសកស្សបៈ មានតបៈដ៏ខ្ពង់ខ្ពស់ ឲ្យបូជានូវការបូជាឈ្មោះ វាជបេយ្យៈ គឺបូជាដោយការសម្លាប់សត្វចិញ្ចឹមដើម្បីប្រយោជន៍ ដល់បិតា ។ ( តាបស … ) អំពើដែលធ្វើដោយសេចក្តីលោភ នោះ ជាអំពើក្តៅក្រហាយ មានកាមជាហេតុ អាត្មានឹងស្វែងរក ឫសនៃអំពើនោះ នឹងកាត់នូវរាគៈ ព្រមទាំងចំណង ។