ហលិទ្ទរាគជាកតទី ៩

ក្បាលទី 48 · ទំព័រ 241

( នាងកុមារិកានិយាយនឹងតាបសកុមារថា ) ការ ដែលលោកអត់ទ្រាំក្នុងព្រៃ ជាសេនាសនៈដ៏ស្ងាត់ ជាការប្រពៃ ហើយ តែថា ពួកជនណា អត់ទ្រាំនៅក្នុងស្រុក ពួកជននោះ ឈ្មោះថា ប្រសើរលើសលុបជាងលោកទៅទៀត ។ ( តាបសកុមារ សួរតាបសពោធិសត្វជាបិតាថា ) បពិត្របិតា លុះដល់ខ្ញុំចេញអំពីព្រៃមកកាន់ស្រុក តើគួរសេព គប់បុរសមានសីលដូចម្តេច មានវត្តដូចម្តេច ខ្ញុំសួរហើយ សូម បិតាប្រាប់ហេតុនោះ ។ ( តាបសពោធិសត្វ … ) នែបា បើបុគ្គលណាស្និទ្ធស្នាលនឹងអ្នក ថែមទាំងគាប់ចិត្តនឹងសេចក្តីស្និទ្ធស្នាលរបស់អ្នក ហើយស្តាប់បង្គាប់ និងអត់ទ្រាំ ( នូវពាក្យសម្តី ) អ្នកចេញអំពី ព្រៃនេះទៅ ចូរសេពគប់បុគ្គលនោះចុះ ។ បុគ្គលណា មិនមានអំពើអាក្រក់ ដោយកាយវាចាចិត្ត អ្នកចេញអំពីព្រៃនេះទៅ ចូរតាំងខ្លួនដូចជាកូន ហើយសេពគប់ បុគ្គលនោះចុះ ។ មួយទៀត បុគ្គលណា ប្រព្រឹត្តតាមធម៌ ទោះបីកំពុង ប្រព្រឹត្ត ក៏មិនប្រកាន់ខ្លួន លុះដល់អ្នកចេញអំពីព្រៃនេះទៅ ចូរ សេពគប់នូវបុគ្គលដែលជាអ្នកធ្វើអំពើដ៏បរិសុទ្ធ ប្រកបដោយប្រាជ្ញា នោះចុះ ។ នែបា បុគ្គលណា មានចិត្តដូចជាសំពត់ជ្រលក់រមៀត មានចិត្តដូចស្វា ត្រេកអរហើយ បែរជាមិនត្រេកអរវិញ បើទុក ជា ( ក្នុងជម្ពូទ្វីបនេះ ) មិនមានមនុស្សសោះ អ្នកកុំគប់រកបុរស បែបនោះឡើយ ។ អ្នកចូរចៀសវាង ( បុគ្គលបែបនោះ ) អំពីចម្ងាយ ឲ្យដូចបុគ្គលចៀសវាងអាសីពិសដែលក្រោធ ឬចៀសវាងផ្លូវធំ ដែលប្រឡាក់ដោយលាមក ឬដូចបុគ្គលទៅដោយយាន ចៀសវាង ផ្លូវមិនស្មើ ។