សមុគ្គជាតកទី ១០

ក្បាលទី 48 · ទំព័រ 249

( តាបសពោធិសត្វ សួរអារក្សទឹកថា ) នែអ្នកទាំងឡាយ ដ៏ចម្រើន ចុះអ្នកទាំង ៣ នាក់មកអំពីទីណា អ្នកមកស្រួល ហើយ ចូរមកអង្គុយលើអាសនៈទៅ នែអ្នកដ៏ចម្រើន អ្នកមាន សេចក្តីសុខស្រួលមិនមានជំងឺដម្កាត់ទេឬ ព្រោះយូរណាស់ហើយ អ្នកទាំងឡាយ ទើបមកក្នុងទីនេះ ។ ( ទានវៈ តបនឹងតាបសថា ) ខ្ញុំមកក្នុងទីនេះ តែម្នាក់ឯងទេ ខ្ញុំមិនមានអ្នកណាមួយជាគម្រប់ពីរទេ បពិត្រ ឥសី លោកសំដៅហេតុអ្វី បានជាពោលថា នែអ្នកដ៏ចម្រើន ចុះអ្នកទាំង ៣ នាក់ មកអំពីទីណា ។ ( តាបស … ) ខ្លួនអ្នកឯងម្នាក់ផង ភរិយាជាទីស្រឡាញ់ របស់អ្នក ដែលអ្នកដាក់ក្នុងស្មុគ្រ ហើយលេបចូលទៅក្នុងពោះ ផង ភរិយានោះ ដែលអ្នករក្សាហើយ នៅក្នុងពោះសព្វកាល ត្រេកអរជាមួយនឹង ( វិជ្ជាធរ ) ជាវាយុបុត្រក្នុងស្មុគ្រនោះផង ។ ទានវៈនោះ លុះឥសីព្យាករហើយ ក៏មានសភាព តក់ស្លុតហើយ ខ្ជាក់ស្មុគ្រចេញក្នុងទីនោះ ក៏បានឃើញភរិយាមាន រូបយ៉ាងស្អាត ទ្រទ្រង់នូវផ្កាកម្រង ត្រេកអរជាមួយនឹងវិជ្ជាធរ ជាវាយុបុត្រក្នុងស្មុគ្រនោះ ។ ព្រះករុណាដែលជាអ្នកប្រព្រឹត្តតបៈដ៏ខ្ពង់ខ្ពស់ បាន ឃើញហេតុត្រឹមត្រូវមែនហើយ ពួកជនណា ជាបុគ្គលថោកទាប ពួកជននោះ រមែងលុះអំណាចស្ត្រី ដូចខ្ញុំដែលបានរក្សាទុកនូវ ស្ត្រី ដូចជាជីវិតក្នុងទីនេះ ស្ត្រីនោះ ប្រទូស្តនឹងខ្ញុំ ហើយរីករាយ នឹងបុរសដទៃវិញ ។ ខ្ញុំបានទំនុកបម្រុងស្ត្រីនោះ ទាំងយប់ ទាំងថ្ងៃ ដូចជា ភ្លើងដែលលោកមានតបៈនៅក្នុងព្រៃ បូជាហើយ ស្ត្រីនោះប្រព្រឹត្តក ន្លងធម៌ ហើយប្រព្រឹត្តអធម៌វិញ ការស្និទ្ធស្នាលជាមួយនឹងពួកស ្ត្រី ជាសភាពមិនគួរធ្វើសោះឡើយ ។