អដ្ឋកថា សមុគ្គជាតកទី ១០
[ ៥៩០-៥៩៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុក ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា កុតោ នុ អាគច្ឆថ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុអផ្សុកនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះក្រាបថា ករុណាព្រះអង្គ ពិតមែន ដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកប្រាថ្នាមាតុគ្រាម ព្រោះហេតុអ្វី ឈ្មោះ ថា មាតុគ្រាម មិនមែនសប្បុរស ជាអកតញ្ញូ សូម្បីទានវ័យក្ខក្នុងកាលមុន លេបមាតុគ្រាមទុកក្នុងពោះ ត្រាច់ទៅ ក៏នៅតែមិនអាចរក្សាមាតុគ្រាម ធ្វើឲ្យ នាងមានប្តីតែម្នាក់បាន អ្នកនឹងរក្សាបានដូចម្តេច ដូច្នេះហើយ ទ្រង់នាំយក រឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វលះកាមចូលទៅផែនដីព្រៃហិមពាន្ត បួសជាឥសី បានអភិញ្ញា និងសមាបត្តិហើយ ធ្វើជីវិតឲ្យតាំងនៅដោយផ្លែឈើតូចធំ ក្នុងទីមិនឆ្ងាយអំពី បណ្ណសាលារបស់ព្រះពោធិសត្វនោះ មានទានវ័យក្ខព្រៃមួយ ចូលទៅរកព្រះ ពោធិសត្វ ស្តាប់ធម៌ជានិច្ចកាល ។ ម្យ៉ាងទៀត យក្ខនោះតែងតែទៅកាន់ផ្លូវ ដែលមនុស្សទាំងឡាយធ្វើដំណើរទៅមកក្នុងព្រៃ ឃើញមនុស្សអ្នកដំណើរមក ក៏ចាប់បរិភោគ ។ សម័យនោះ ក្នុងដែនកាសី មានកុលធីតាម្នាក់ មានរូបស្អាតក្រៃលែង អាស្រ័យបច្ចន្តគាមមួយកន្លែង ។ ថ្ងៃមួយ នាងមកសួរសុខទុក្ខមាតាបិតា ក្នុង គ្រាត្រឡប់ ទានវៈនោះឃើញពួកបរិវាររបស់នាង ទើបរត់ដេញដោយរូបដែល គួរខ្លាច ។ ពួកបរិវារកាន់របស់របរ នាំគ្នាចោលរបស់របរ រត់គេចទៅ ទានវៈ ឃើញមាតុគ្រាមរូបស្អាតអង្គុយក្នុងយាន កើតចិត្តប្រតិព័ទ្ធ ទើបនាំទៅគុហា របស់ខ្លួន ធ្វើជាភរិយា ។