ចតុប្បោសថជាតកទី ៣

ក្បាលទី 48 · ទំព័រ 320

( ព្រះបាទវរុណនាគរាជពោលថា ) បុគ្គលណាជា សប្បុរស មិនធ្វើនូវសេចក្តីក្រោធ ក្នុងបុគ្គលគួរក្រោធ និង មិនក្រោធក្នុងកាលណាមួយ បុគ្គលសប្បុរសនោះ បើទុកជា ក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បណ្ឌិតទាំងឡាយ ហៅ ជននោះឯងថា ជាសមណៈ ក្នុងលោក ។ ( ព្រះបាទសុបណ្ណរាជពោលថា ) ជនណា មាន ពោះធូរ អត់ទ្រាំនូវសេចក្តីស្រេកឃ្លានបាន ទូន្មាននូវឥន្ទ្រិយ ជា អ្នកមានតបធម៌ មានទឹក និងភោជនល្មមប្រមាណ មិនធ្វើនូវ បាប ព្រោះហេតុនៃអាហារឡើយ បណ្ឌិតទាំងឡាយ ហៅជន នោះថា ជាសមណៈ ក្នុងលោក ។ ( សក្កទេវរាជពោលថា ) ជនណា លះបង់នូវល្បែង ( ដោយកាយ និងវាចា ) និងសេចក្តីត្រេកអរ ( ក្នុងកាមគុណ ) ទាំងពួង ទាំងមិនពោលនូវពាក្យឡេះឡោះតិចតួចក្នុងលោក វៀរចាក ហេតុជាទីតាំងនៃការស្អិតស្អាង និងមេថុនធម្ម បណ្ឌិតទាំងឡាយ ហៅជននោះឯងថា ជាសមណៈ ក្នុងលោក ។ ( ព្រះបាទធនញ្ជ័យពោលថា ) ជនណា កំណត់ដឹង ហើយ លះបង់នូវទ្រព្យសម្បត្តិផង លោភៈទាំងពួងផង បណ្ឌិត ទាំងឡាយ ហៅជនដែលមានខ្លួនទូន្មាន មានសភាពខ្ជាប់ខ្ជួន មិន មានសេចក្តីប្រកាន់ថា អញមិនមានសេចក្តីប្រាថ្នានោះឯងថា ជា សមណៈ ក្នុងលោក ។ ( ព្រះរាជាទាំង ៤ ព្រះអង្គនោះត្រាស់សួរថា ) ម្នាលអ្នកមានប្រាជ្ញាមិនថោកថយ យើងទាំងឡាយសូមសួរចំពោះ អ្នក ជាអ្នកធ្វើ ( នូវហេតុដែលគួរធ្វើ ) ការជជែកចំពោះពាក្យ ទាំងឡាយកើតមានដល់យើង សូមអ្នកកាត់នូវសេចក្តីងឿងឆ្ងល់ និងសេចក្តីសង្ស័យចេញក្នុងថ្ងៃនេះ យើងទាំងអស់គ្នាគប្បីឆ្លងនូវ សេចក្តីសង្ស័យនោះ ក្នុងថ្ងៃនេះ ។