សង្ខជាតកទី ៤
( អ្នកបម្រើពោលថា ) បពិត្រសង្ខព្រាហ្មណ៍ អ្នកជា ពហុស្សូត ធ្លាប់បានស្តាប់ធម៌ ទាំងសមណព្រាហ្មណ៍ អ្នកក៏បាន ជួបហើយ កាលបើដូច្នេះ ( ហេតុអ្វី ) ទើបអ្នកសម្តែងនូវពាក្យ រវើរវាយ ក្នុងកាលមិនមែនជាខណៈ អ្នកណាទៀតហ្ន៎ ជាអ្នក ប្រឹក្សាចំពោះអ្នក ក្រៅអំពីខ្ញុំ ។ ( សង្ខព្រាហ្មណ៍ពោលថា ) ទេវធីតាមានមុខល្អ មាន រូបល្អ មានមាសពាក់ដោយល្អ កាន់នូវ ( ភត្ត ) ដោយភាជន៍ មាស មានសទ្ធា មានចិត្តរីករាយ និយាយនឹងយើងថា អ្នកចូរ បរិភោគនូវភត្តចុះ យើងនិយាយនឹងទេវតានោះថា យើងមិន ( បរិភោគ ) ទេ ។ ( លំដាប់នោះ អ្នកបម្រើពោលថា ) ម្នាលព្រាហ្មណ៍ ធម្មតាបុរសអ្នកប្រាថ្នាសេចក្តីសុខ កាលបានឃើញយក្ខប្រាកដ ដូច្នោះហើយ គួរណាស់តែសួរ ( ឲ្យដឹង ) អ្នកចូរក្រោកឡើង ហើយប្រណម្យដៃ សួរយក្ខនោះថា នាងជាទេវធីតា ឬជាមនុស្ស ។ ( សង្ខព្រាហ្មណ៍ពោធិសត្វពោលថា ) នាងបានគយគន់ មើលយើងដោយសេចក្តីសុខ និយាយនឹងយើងថា អ្នកចូរ បរិភោគនូវភត្តចុះ ម្នាលនាងនារី អ្នកមានអានុភាពធំ យើងសូម សួរនាង តើនាងជាទេវធីតា ឬជាមនុស្ស ។ ( ទេវធីតាពោលថា ) បពិត្រសង្ខព្រាហ្មណ៍ ខ្ញុំជា ទេវធីតាមានអានុភាពធំ មកក្នុងកណ្តាលសាគរនេះ ព្រោះខ្ញុំមាន សេចក្តីអនុគ្រោះ មិនមែនមានចិត្តប្រទូស្តទេ ទើបមកក្នុងទីនេះ ដើម្បីប្រយោជន៍ចំពោះអ្នកតែម្យ៉ាង ។ បពិត្រសង្ខព្រាហ្មណ៍ ក្នុងសមុទ្ទនេះ មានបាយ ទឹក ទីដេក ទីអង្គុយ និងយានផ្សេងៗ ជាច្រើន អ្នកមានចិត្តប្រាថ្នា ចំពោះរបស់ណាមួយ ខ្ញុំនឹងប្រគល់ឲ្យរបស់ទាំងអស់នោះដល់ អ្នក ។