មណ្ឌព្យជាតកទី ៦

ក្បាលទី 48 · ទំព័រ 355

( កណ្ញទីបាយនតាបស ធ្វើសច្ចកិរិយាថា ) យើង មានចិត្តជ្រះថ្លា ត្រូវការដោយបុណ្យ បានប្រព្រឹត្តព្រហ្មចរិយៈ អស់ ៧ ថ្ងៃគត់ មួយទៀត ព្រហ្មចរិយៈណា លើសទៅទៀត ដែលយើងបានប្រព្រឹត្តហើយ ព្រហ្មចរិយៈនេះជារបស់នៃយើង យើងជាអ្នកមិនប្រាថ្នា ( ចំពោះបព្វជ្ជា ) អស់ជាង ៥០ ឆ្នាំមក ហើយ តែឥឡូវនេះ យើងខំប្រព្រឹត្តព្រហ្មចរិយៈ ដោយពាក្យសច្ចៈ នេះ សូមសួស្តីកើតមាន ( ដល់យញ្ញទត្តកុមារ ) ពិស ចូរសាបរលាបបាត់ទៅ យញ្ញទត្តកុមារ ចូររស់ឡើង ។ ( បិតាយញ្ញទត្តកុមារ ធ្វើសច្ចកិរិយាថា ) ក្នុងកាល ខ្លះ ខ្ញុំឃើញភ្ញៀវក្នុងវេលា ដែលមកដល់លំនៅ ក៏មិនត្រេកអរ នឹងឲ្យទានទេ តែខ្ញុំមិនឲ្យពួកសមណព្រាហ្មណ៍ ទោះជាពហុស្សូត បានដឹងថា ខ្ញុំមិនស្រឡាញ់ទេ មួយទៀត ខ្ញុំ ទោះបីមិនប្រាថ្នា ( ក្នុង ទាន ) ក៏នៅតែឲ្យ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន ( ដល់យញ្ញទត្តកុមារ ) ពិសចូរសាបរលាបបាត់ទៅ សូម យញ្ញទត្តកុមារ រស់ឡើង ។ ( មាតាយញ្ញទត្តកុមារពោលថា ) ម្នាលកូន អាសិរពិសណា មានតេជះច្រើន បានលូនចេញពីរន្ធមកចឹកអ្នក ក្នុង ថ្ងៃនេះ ខ្ញុំ និងបិតាអ្នក មិនមានសេចក្តីប្លែកគ្នាណាមួយ ក្នុង អាសិរពិសនោះទេ ( ព្រោះជាអ្នកមិនស្រឡាញ់អាសិរពិសដូចគ្នា ) ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន ពិសចូរសាប រលាបបាត់ទៅ សូមយញ្ញទត្តកុមារ រស់ឡើង ។ ( នាយមណ្ឌព្យៈជាសម្លាញ់សួរថា ) ពួកជនណា បួស ជាអ្នកស្ងប់រម្ងាប់ ទូន្មានឥន្ទ្រិយ ពួកជននោះ ប្រាកដជា អ្នកប្រាថ្នា ( នឹងបួស ) មែន វៀរលែងតែកណ្ហទីបាយនតាបស ចេញ បពិត្រទីបាយនតាបស លោកស្អប់ខ្ពើមអ្វី បានជាមិនចង់ បួស ហើយទ្រាំប្រព្រឹត្តព្រហ្មចារ្យទៅវិញ ។