និគ្រោធជាតកទី ៧

ក្បាលទី 48 · ទំព័រ 375

( បោតិកបុរសពោលថា ) បពិត្រនិគ្រោធ សាខសេនាបតីបាននិយាយថា អញមិនស្គាល់អ្នកនុ៎ះទេ អ្នកនេះជាអ្វី ឬជាអ្នកបម្រើរបស់អ្នកណា ( ដូច្នេះ ) យ៉ាងណា តើព្រះអង្គ ទ្រង់យល់យ៉ាងនោះដែរឬ ។ កាលនោះ ពួកបុរស អ្នកធ្វើតាមពាក្យសាខបុរស ក៏ ទះតប់មាត់បណ្តេញខ្ញុំព្រះអង្គ ដោយការអូស-កចេញ ។ បពិត្រព្រះអង្គជាធំជាងជន អំពើមិនប្រសើរប្រាកដ ដូច្នេះ សាខៈជាសម្លាញ់របស់ព្រះអង្គ ជាមនុស្សមានគំនិតអាក្រក់ ជាអកតញ្ញូ ទ្រុស្តមិត្ត បានធ្វើហើយ ។ ( ព្រះបាទនិគ្រោធ … ) ម្នាលសម្លាញ់ អ្នកប្រាប់ នូវការទង់ទាញណា ដែលសាខៈធ្វើហើយដល់ខ្ញុំ ខ្ញុំមិនដឹងនូវ ដំណើរនុ៎ះទេ ទាំងអ្នកណាមួយ ក៏មិនបានប្រាប់ដល់ខ្ញុំដែរ ។ អ្នកបានធ្វើនូវការចិញ្ចឹមជីវិតងាយ ដល់សម្លាញ់ទាំង ២ នាក់ គឺខ្ញុំ និងសាខៈ ជាអ្នកឲ្យឥស្សរិយយស គឺភាពជាធំ ក្នុងមនុស្សដល់យើង យើងបានសេចក្តីសម្រេចក៏ព្រោះអ្នក សេចក្តី សង្ស័យក្នុងហេតុនុ៎ះ មិនមានដល់ខ្ញុំទេ ។ ពូជ ( ដែលដាក់ ) ក្នុងភ្លើង រមែងឆេះ មិនដុះយ៉ាងណាមិញ ឧបការគុណដែលបុគ្គលធ្វើហើយ ក្នុងអសប្បុរស រមែងវិនាស មិនលូតលាស់យ៉ាងនោះដែរ ។ ឧបការគុណដែលបុគ្គលធ្វើហើយ ក្នុងបុរសជាកតញ្ញូ មានសីលធម៌ មានសេចក្តីប្រព្រឹត្តប្រសើរនោះ រមែងមិនវិនាស ទេ ដូចពូជ ( ដែលព្រោះ ) ក្នុងស្រែល្អ ។ រាជបុរសទាំងឡាយ ចូរយកលំពែងសម្លាប់នូវសាខៈ នេះ ជាមនុស្សលាមក របិញរបុញ មានគំនិតជាអសប្បុរសចុះ យើងមិនប្រាថ្នាឲ្យវារស់នៅទេ ។