អដ្ឋកថា មហាធម្មបាលជាតកទី ៩

ក្បាលទី 48 · ទំព័រ 406

[ ៧០៨-៧១៩ ] ព្រះសាស្តា កាលយាងមកនគរកបិលពស្តុដំបូង គង់ នៅក្នុងនិគ្រោធារាម ទ្រង់ប្រារព្ធការមិនជឿរបស់ពុទ្ធបិតាក្នុងព្រះរាជនិវេសន៍ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា កិន្តេ វតំ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា កាលនោះ ព្រះបាទសុទ្ធោទនមហារាជ ទ្រង់ប្រគេន បបរ និងរបស់ទំពាដល់ព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុពីរម៉ឺនជាបរិវារ ក្នុងព្រះរាជនិវេសន៍របស់ព្រះអង្គ កាលទ្រង់ធ្វើសម្មោទនីយកថា ក្នុងរវាងភត្ត បានត្រាស់ថា បពិត្រព្រះអង្គ កាលដែលទ្រង់ធ្វើសេចក្តីព្យាយាម មានពួក ទេវតាឈរក្នុងអាកាស ប្រាប់ដល់ខ្ញុំព្រះអង្គថា សិទ្ធត្ថកុមារ ឱរសរបស់ទ្រង់ អស់ព្រះជន្មហើយ ព្រោះសោយព្រះក្រយាហារតិច កាលព្រះសាស្តាត្រាស់ ថា បពិត្រមហារាជ ទ្រង់ជឿឬ ទើបត្រាស់ថា ខ្ញុំព្រះអង្គមិនជឿទេ បានហាម ទេវតាដែលឈរក្នុងអាកាសថា ឱរសរបស់ខ្ញុំ បើមិនទាន់បានជាព្រះពុទ្ធត្រង់ គល់ពោធិ៍ហើយ គង់មិនបរិនិព្វាន ព្រះសាស្តាត្រាស់ថា បពិត្រមហារាជ ឥឡូវនេះ ទ្រង់នឹងជឿដូចម្តេច សូម្បីក្នុងកាលមុន កាលតថាគតកើតជាមហា ធម្មបាល អាចារ្យទិសាបាមោក្ខ យកឆ្អឹងពពែមកប្រាប់ថា កូនរបស់អ្នកស្លាប់ ហើយ នេះឆ្អឹងកូនរបស់អ្នក ទ្រង់ក៏មិនជឿ បានពោលនឹងអាចារ្យថា នៅក្នុង ត្រកូលរបស់ខ្ញុំ អ្នកស្លាប់ទាំងនៅក្មេងមិនមាន រឿងអ្វីដែលទ្រង់ជឿក្នុងកាល ឥឡូវនេះនោះ ព្រះពុទ្ធបិតាទ្រង់ទូលអារាធនាឲ្យត្រាស់រឿងនោះ ទ្រង់ក៏នាំ អតីតនិទានមកសាធកៈដូចតទៅ