កុក្កុដជាតកទី ១០

ក្បាលទី 48 · ទំព័រ 417

( មាន់ពោធិសត្វពោលថា ) បុគ្គលមិនគប្បីស្និទ្ធស្នាល នឹងបុគ្គលដែលធ្វើបាបម្តងហើយ មិនគប្បីស្និទ្ធស្នាលនឹងបុគ្គល ដែលពោលពាក្យឡេះឡោះ មិនគប្បីស្និទ្ធស្នាលនឹងបុគ្គលដែល មានប្រាជ្ញា គិតតែប្រយោជន៍ខ្លួន មិនគប្បីស្និទ្ធស្នាលនឹងបុគ្គល ( មានពុតត្បុត ) ដែលធ្វើហាក់ដូចជាស្ងប់ស្ងាត់ក្រៃលែង ។ បុរសពួកខ្លះ ប្រកបដោយជាតិ ហាក់ដូចជាគោស្រេក ទឹក ស៊ីនូវមិត្តដោយវាចា តែមិន ( សង្គ្រោះដោយការងារ ) ។ បុរសពួកខ្លះ ផ្គងអញ្ជលីទទេឡើង ហើយបិទបាំង ដោយវាចា ជាមនុស្សស្រាយ កតញ្ញុតាធម៌ មិនមានក្នុងបុគ្គល ណា សប្បុរសមិនគប្បីចូលទៅជិត នូវបុគ្គលនោះទេ ។ បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងស្ត្រី ឬបុរស ដែលមាន ចិត្តប្រែប្រួល ( អ្នកណា ) ធ្វើនូវសេចក្តីស្និទ្ធស្នាលឲ្យច្បាស់ ដោយអំពើផ្សេងៗ ( ហើយធ្វើនូវសេចក្តីអន្តរាយ ក្នុងកាលខាងក្រោយ ) បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងបុគ្គលបែបនោះទេ ។ អ្នកដែលល្មោភនឹងអំពើមិនប្រសើរ មានវាចាមិនខ្ជាប់ខ្ជួន បៀតបៀននូវជនទាំងពួង ដូចជាដាវដែលសំលៀងហើយ បិទបាំងទុក បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងបុគ្គលបែបនោះទេ ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅជិតដោយឧបាយ ផ្សេងៗ គឺដោយអំណាច ធ្វើហាក់ដូចជាមិត្ត ( ដ៏ស្និទ្ធ ) មាន ពាក្យដ៏ស្អាតផូរផង់ តែមិនមានចិត្ត ( ស្អាតល្អ ) បុគ្គលមិនគប្បី ស្និទ្ធស្នាលនឹងបុគ្គលបែបនោះទេ ។ ជនឥតប្រាជ្ញាបែបនោះ ឃើញនូវអាមិសៈ ឬទ្រព្យ ក្នុងផ្ទះសម្លាញ់ណា រមែងធ្វើនូវសេចក្តីប្រទូស្ត បៀតបៀននូវ ជននោះ ហើយចៀសចេញទៅ ។