មដ្ឋកុណ្ឌលិជាតកទី ១១
( ព្រាហ្មណ៍សួរថា ) អ្នកស្អិតស្អាង ដោយគ្រឿង ប្រដាប់ មានកុណ្ឌលដ៏រលីង ទ្រទ្រង់នូវកម្រងផ្កា ប្រោះព្រំដោយ ខ្លឹមចន្ទន៍ក្រហម ផ្គងដៃកន្ទក់កន្ទេញ ក្នុងកណ្តាលនៃព្រៃស្មសាន តើអ្នកដល់នូវសេចក្តីទុក្ខដូចម្តេច ។ ( មាណពឆ្លើយថា ) គ្រោងនៃរថ ធ្វើដោយមាសមាន រស្មីភ្លឺផ្លេក កើតឡើងហើយដើម្បីខ្ញុំ ( បើ ) ខ្ញុំមិនបាននូវគូ នៃកង់របស់រថនោះទេ ខ្ញុំនឹងលះបង់ជីវិត ព្រោះសេចក្តីទុក្ខនោះ ។ ( ព្រាហ្មណ៍ … ) អ្នកចូរប្រាប់នូវរថ ដែលធ្វើដោយ មាស ធ្វើដោយកែវមណី ធ្វើដោយទង់ដែង ឬធ្វើដោយប្រាក់ចុះ ខ្ញុំនឹងធ្វើរថ ( នោះ ) ឲ្យដល់អ្នក ខ្ញុំនឹងញ៉ាំងអ្នក ឲ្យបាននូវគូ នៃកង់ ( នោះ ) ។ លំដាប់នោះ មាណពប្រាប់ព្រាហ្មណ៍នោះថា ព្រះចន្រ្ទ និងព្រះអាទិត្យ រុងរឿងក្នុងវិថីទាំងពីរ រថរបស់ខ្ញុំដែលធ្វើដោយ មាស ទើបសមដោយគូនៃកង់ គឺព្រះចន្រ្ទ និងព្រះអាទិត្យនោះ ។ ( ព្រាហ្មណ៍ … ) ម្នាលមាណព អ្នកណាប្រាថ្នា របស់ដែលមិនគួរប្រាថ្នា អ្នកនោះចំជាល្ងង់មែន ខ្ញុំសម្គាល់ថា អ្នកនឹងស្លាប់ អ្នកពិតជាមិនបាននូវព្រះចន្រ្ទ និងព្រះអាទិត្យ ឡើយ ។ ( មាណព … ) ការចរទៅ និងចរមក ( នៃព្រះចន្រ្ទ និងព្រះអាទិត្យទាំងពីរ ) ក៏ប្រាកដវណ្ណធាតុ ( រស្មី ) ក៏ប្រាកដ វិថីទាំងពីរ ព្ធដ៏អាកាសនុ៎ះក៏ប្រាកដ ចំណែកខាងជនធ្វើមរណកាល ទៅកាន់លោកខាងមុខហើយ មិនប្រាកដទេ បណ្តាយើង ទាំងពីរនាក់ ដែលកំពុងកន្ទក់កន្ទេញ តើអ្នកណាល្ងង់ជាង ។ ( ព្រាហ្មណ៍ … ) ម្នាលមាណព អ្នកនិយាយត្រូវ មែន បណ្តាយើងទាំងពីរនាក់ កំពុងកន្ទក់កន្ទេញ ខ្ញុំហ្នឹងឯង ជា បុគ្គលល្ងង់ជាង ខ្ញុំប្រាថ្នានូវកូន ដែលធ្វើមរណកាល ទៅកាន់ លោកខាងមុខ ដូចជាទារកយំទារនូវព្រះចន្រ្ទ ។