ពិលារកោសិយជាតកទី ១២
( ឥន្ទ្រព្រាហ្មណ៍ពោលថា ) សប្បុរសទាំងឡាយ ទោះបីមិនបានចម្អិន តែបើបានភោជនហើយ ក៏ប្រាថ្នាឲ្យដែរ អ្នកកាល ចម្អិន មិនឲ្យភោជនណា ការមិនឲ្យភោជននោះ មិនសមគួរ ទេ ។ បុគ្គលមិនឲ្យទាន ( ដោយហេតុ ២ យ៉ាង គឺ ) សេចក្តីកំណាញ់ ១ សេចក្តីប្រហែស ១ បុគ្គលអ្នកចេះដឹង កាលប្រាថ្នានូវបុណ្យ រមែងឲ្យទាន ។ ( ចន្ទព្រាហ្មណ៍ពោលថា ) បុគ្គលកំណាញ់ ខ្លាច ចំពោះសេចក្តីឃ្លាន និងការស្រេកណាហើយ រមែងឲ្យទានមិន កើតទេ សេចក្តីឃ្លាន និងការស្រេកនោះ ជាភ័យរបស់បុគ្គល អ្នកមិនឲ្យ បុគ្គលកំណាញ់ រមែងខ្លាចអំពីសេចក្តីឃ្លាន និងការ ស្រេកណា សេចក្តីឃ្លាន និងការស្រេកនោះ រមែងប៉ះពាល់នូវ បុគ្គលពាលនោះឯង ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់នូវសេចក្តី កំណាញ់ចេញ គប្បីគ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន ព្រោះថា បុណ្យ រមែងបានជាទីពឹងរបស់សត្វ ទាំងឡាយ ក្នុងលោកខាងមុខ ។ ( សុរិយព្រាហ្មណ៍ពោលថា ) ពួកជនជាសប្បុរស ឲ្យនូវវត្ថុ ដែលគេឲ្យបានដោយក្រ ធ្វើនូវអំពើដែលគេធ្វើបាន ដោយក្រ ឯពួកអសប្បុរស រមែងមិនធ្វើតាមឡើយ ធម៌របស់ សប្បុរស គឺអសប្បុរសយល់បានដោយក្រ ។ ព្រោះហេតុនោះ គតិរបស់ពួកសប្បុរស និងអសប្បុរស រមែងបែកផ្សេងគ្នាអំពីលោកនេះ គឺពួកអសប្បុរសរមែងទៅកាន់ នរក ពួកសប្បុរសរមែងមានឋានសួគ៌ប្រព្រឹត្តទៅក្នុងខាងមុខ ។ ( មាតលិព្រាហ្មណ៍ពោលថា ) បណ្ឌិតបុរសពួកខ្លះ សូម្បីមានទេយ្យធម៌បន្តិចបន្តួច ក៏រមែងឆ្លៀតឲ្យបាន តែបុរសពួក ខ្លះ ( សូម្បីបរិបូណ៌ ) ដោយទេយ្យធម៌ដ៏ច្រើន ក៏ឲ្យមិនបាន ទក្ខិណាទានដែលបុគ្គល ( រំលែក ) អំពីវត្ថុមានប្រមាណតិច ហើយឲ្យ រាប់ស្មើដោយទានមានប្រមាណច្រើន ។