ចក្កវាកជាតកទី ១៣

ក្បាលទី 48 · ទំព័រ 456

( ក្អែកសួរថា ) ម្នាលចាក្រពាក អ្នកមានសរីរៈដ៏ មាំមួន មានសម្បុរ និងរូបដ៏ល្អ មានសម្បុរក្រហមអំពីកំណើត មានរូបដ៏សមរម្យ មានឥន្ទ្រិយ គឺមុខថ្លាផូរផង់ ។ អ្នកទំនៅព្ធដ៏ឆ្នេរស្ទឹងគង្គា ប្រហែលជាស៊ីនូវភោជន គឺត្រីក្អែក ត្រីសណ្តាយ ត្រីក្បក ត្រីប្រា និងត្រីឆ្ពិនយ៉ាងនេះឬ ។ ( ចាក្រពាកឆ្លើយថា ) ម្នាលសម្លាញ់ ខ្ញុំមិនបរិភោគ នូវសាច់របស់សត្វគោក និងសត្វទឹក វៀរលែងតែសារាយ និង ចកចេញ វត្ថុដទៃ ( ក្រៅអំពីសាច់ ) ជាភោជនរបស់ខ្ញុំ ។ ( ក្អែក … ) ម្នាលសម្លាញ់ ខ្ញុំមិនជឿថា សារាយ និង ចកនោះ ជាភោជនរបស់ចាក្រពាកទេ ចំណែកខាងខ្ញុំបរិភោគ អាហារភោជនដែលលាយដោយអំបិល និងប្រេងក្នុងស្រុក ។ ( ខ្ញុំបរិភោគ ) នូវបាយលាយដោយសាច់ដ៏ស្អាត ដែលគេធ្វើក្នុងពួកមនុស្ស ម្នាលចាក្រពាក អ្នកមានសម្បុរ យ៉ាងណា ខ្ញុំមិនមានសម្បុរប្រាកដដូច្នោះទេ ។ ( ចាក្រពាក … ) អ្នកបៀតបៀននូវពួកមនុស្ស សត្វ ឃើញនូវពៀរក្នុងខ្លួន ស៊ីទាំងតក់ស្លុត ភិតភ័យ ព្រោះហេតុនោះ ទើបពណ៌សម្បុររបស់អ្នកប្រាកដដូច្នោះ ។ ម្នាលក្អែក អ្នកត្រូវសត្វលោកទាំងពួងខឹង បិណ្ឌាហារដែលអ្នកបានមក ដោយអំពើដ៏អាក្រក់ បានជាមិនស្កប់ស្កល់ ( ដល់អ្នក ) ព្រោះហេតុនោះ ពណ៌សម្បុររបស់អ្នកប្រាកដ ដូច្នោះ ។ ម្នាលសម្លាញ់ ខ្លួនខ្ញុំមិនបៀតបៀនពួកសត្វទាំងពួង មកស៊ីទេ ខ្ញុំមានសេចក្តីខ្វល់ខ្វាយតិច ប្រាសចាកសេចក្តីរង្កៀស មិនមានសេចក្តីសោកភ័យ អំពីទីណាទេ ។ អ្នកនោះ ចូរធ្វើនូវអានុភាព គឺសេចក្តីព្យាយាម ចូរ ផ្លាស់មារយាទចេញ កាលបើអ្នកប្រព្រឹត្តនូវការមិនបៀតបៀនគេ នឹងបានជាទីស្រឡាញ់ ( របស់សត្វលោក ) ដូចជាខ្ញុំដែរ ។