ភូរិបញ្ហាជាតកទី ១៤
( អាមាត្យពួកខាងអាចារ្យសេនកៈ សួរថា ) បពិត្រ អ្នកមានបញ្ញាក្រាស់ដូចផែនដី សិរី សេចក្តីព្យាយាម និងប្រាជ្ញា ប្រាកដដូច្នោះ រមែងមិនរក្សានូវអ្នកដែលជាមនុស្សធ្លាក់ចុះទៅកាន់ អំណាចនៃសេចក្តីមិនចម្រើន ព្រោះហេតុតែអ្នកបរិភោគនូវបាយ ដំណើបមានសម្លតិច តើការណ៍នោះពិតមែនឬ ។ ( ព្រះមហោសថពោធិសត្វពោលថា ) ខ្ញុំញ៉ាំង សេចក្តីសុខ ( ចាស់របស់ខ្លួន ) ឲ្យចម្រើនដោយសេចក្តីទុក្ខ ពិនិត្យមើលនូវកាលគួរ និងកាលមិនគួរ ហើយបិទបាំងតាម សេចក្តីពេញចិត្ត ( របស់ខ្លួន ) បើកនូវទ្វារនៃប្រយោជន៍ ព្រោះ ហេតុនោះ ទើបត្រេកអរដោយបាយដំណើប ។ មួយទៀត ខ្ញុំដឹងនូវកាលគួរ ហើយញ៉ាំងប្រយោជន៍ ឲ្យចម្រើនដោយប្រាជ្ញា ( របស់ខ្លួន ) ព្រោះសេចក្តីព្យាយាមដ៏ ក្លៀវក្លាដូចសត្វសីហៈ ធ្វើសេចក្តីព្យាយាមដ៏រឹងបឹង អ្នកគង់នឹង ឃើញខ្ញុំម្តងទៀត ដោយឫទ្ធិនោះមិនខាន ។ ( ព្រះរាជាត្រាស់សួរថា ) ជនពួកខ្លះជាអ្នកមាន សេចក្តីសុខ ទើបមិនធ្វើបាប ជនពួកខ្លះទៀត ( មិនធ្វើបាប ) ព្រោះខ្លាចអំពីការជាប់ចំពាក់ដោយតំណិះដំនៀល អ្នកជាបុគ្គល អាចមានគំនិត គិតនូវប្រយោជន៍ដ៏ទូលាយបាន ហេតុអ្វីក៏មិនធ្វើ សេចក្តីលំបាកដល់យើង ។ ( ព្រះពោធិសត្វ… ) បណ្ឌិតទាំងឡាយរមែងមិន ប្រព្រឹត្តនូវអំពើដ៏លាមក ព្រោះហេតុនៃសេចក្តីសុខផ្ទាល់ខ្លួនទេ ទោះបីត្រូវសេចក្តីទុក្ខប៉ះពាល់ ឬឃ្លាតចាក ( សម្បត្តិ ) ក៏រមែង មិនលះបង់នូវធម៌ព្រោះសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ឡើយ ។