មហាមង្គលជាតកទី ១៥

ក្បាលទី 48 · ទំព័រ 468

( តាបសជាសិស្សច្បងរបស់ពោធិសត្វសួរថា ) ក្នុង កាល ( ជាទីប្រាថ្នានូវមង្គល ) នរជនសែកមន្តដូចម្តេច អាស្រ័យនូវវិជ្ជាដូចម្តេច ឬ ( នូវបរិយត្តិ ) នៃសូត្រទាំងឡាយ ដូចម្តេច ជននោះ ទើបឈ្មោះថា គ្រប់គ្រងខ្លួនដោយសួស្តីក្នុង លោកនេះ និងលោកខាងមុខ ។ ( ពោធិសត្វពោលថា ) ពួកទេវតាក្តី ពួកបិតា ( ព្រហ្ម ) ទាំងអស់ក្តី ពួកទីឃជាតិក្តី ពួកសត្វទាំងអស់ក្តី ដែលបុគ្គលណាកោតក្រែងដោយមេត្តាចិត្ត អស់កាលជានិច្ច បណ្ឌិតទាំងឡាយពោលនូវមេត្តាចិត្តក ្នុងពួកសត្វនោះ ថាជា សួស្តីរបស់បុគ្គលនោះ ដោយពិត ។ បុគ្គលណា ប្រព្រឹត្តឱនលំទោនចំពោះសត្វលោកទាំងអស់ ជាអ្នកអត់ទ្រាំនូវពាក្យនៃស្រីប្រុស និងក្មេងទាំងឡាយ ដែលពោលអាក្រក់ ជាអ្នកពោលពាក្យមិនជាទីខ្ពើម បណ្ឌិតទាំងឡាយ ពោលនូវការអត់ទ្រាំនោះថាជាសួស្តី ( របស់បុគ្គលនោះ ) ។ បុគ្គលណា មានប្រាជ្ញាភ្លឺថ្លា មានបញ្ញាវាងវៃក្នុងកាល ដែលកើតឡើងនៃហេតុ មិនមើលងាយនូវសម្លាញ់ និងមិត្ត ដោយសិល្បវិជ្ជា ដោយកុលសម្បត្តិ ដោយទ្រព្យ ដោយជាតិ បណ្ឌិតទាំងឡាយបានពោលនូវការមិនមើលងាយ ក្នុងពួកសម្លាញ់ នោះ ថាជាសួស្តី ( របស់បុគ្គលនោះ ) ។ ពួកជនណា ជាអ្នកមិនពោលបង្ខុស ជាសប្បុរស ជា មិត្តស្និទ្ធស្នាល ជាអ្នកមិនទ្រុស្តមិត្ត ចែករលែកដោយទ្រព្យ បណ្ឌិតទាំងឡាយបានពោលនូវការស្និទ្ធស្នាល ក្នុងមិត្តទាំងឡាយ នោះ ថាជាសួស្តី ( របស់ជននោះ ) ។ បុគ្គលណា មានភរិយា មានវ័យប្រហែលគ្នា មាន សេចក្តីព្រមព្រៀងគ្នា ជាអ្នកប្រព្រឹត្តតាម ប្រាថ្នាធម៌ ជាស្រីមាន កូន មានសីលធម៌ដោយគួរដល់ត្រកូល មានវត្តដល់ក្តី ពួក បណ្ឌិតបានពោលនូវចរិយានៃភរិយាទាំងឡាយនោះ ថាជាសួស្តី ( របស់ស្វាមីនោះ ) ។