អដ្ឋកថា មហាមង្គលជាតកទី ១៥

ក្បាលទី 48 · ទំព័រ 471

[ ៧៧១-៧៨០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ មហាមង្គលសូត្រ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កឹសុ នរោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងនគររាជគ្រឹះ មានបុរសម្នាក់ នៅក្នុងចំណោម មហាជន ដែលប្រជុំគ្នាក្នុងរោងទទួលភ្ញៀវ ដោយករណីឯណានីមួយ ពោល ឡើងថា ថ្ងៃនេះ មង្គលកិរិយានឹងមានដល់ខ្ញុំ ដូច្នេះហើយ ក្រោកឡើងដើរ ទៅ ។ បុរសម្នាក់ទៀត បានស្តាប់ពាក្យរបស់បុរសនោះហើយ ពោលថា បុរសនេះពោលថា មង្គលហើយ ក៏ទៅបាត់ អ្វីឈ្មោះថា មង្គលហ្ន៎ ។ បុរស ម្នាក់ទៀតក្រៅអំពីជនទាំង ២ ដែលពោលហើយ ពោលឡើងថា ការឃើញ រូប ជាមង្គលក្រៃលែង សេចក្តីពិត បុគ្គលពួកខ្លះ ក្រោកឡើងអំពីព្រលឹម បានឃើញគោសសុទ្ធក្តី ស្រីមានគភ៌ដេកក្តី ត្រីឆ្ពិនក្តី ក្អមពេញដោយទឹកក្តី នវនីតក្តី សប្បិក្តី សំពត់ថ្មីក្តី បាយាសក្តី ការឃើញយ៉ាងនេះ ឈ្មោះថា ជា មង្គល ក្រៅអំពីនេះ មិនឈ្មោះថាជាមង្គលឡើយ ជនពួកខ្លះក៏នាំគ្នាត្រេកអរ នឹងពាក្យបុរសនោះពោលថា បុរសនេះនិយាយត្រូវ ។ បុរសម្នាក់ទៀតជំទាស់ឡើងថា នុ៎ះមិនមែនមង្គលទេ ការស្តាប់ឈ្មោះ ថាជាមង្គល បុគ្គលខ្លះបានស្តាប់ពាក្យមនុស្សដែលពោលថា បុណ្ណា ( បរិបូណ៌ ) វឌ្ឍា ( ចម្រើន ) វឌ្ឍមានា ( សប្បាយ ) ភុញ្ជា ( បរិភោគ ) ខាទា ( ទំពាស៊ី ) ដូច្នេះ ការបានស្តាប់យ៉ាងនេះ ឈ្មោះថា មង្គល អ្វីដទៃ ក្រៅអំពីនោះ មិនឈ្មោះថាជាមង្គលឡើយ បុគ្គលពួកខ្លះ នាំគ្នាត្រេកអរថា បុរសនេះនិយាយត្រូវ ។ បុរសម្នាក់ទៀតជំទាស់ឡើងថា នុ៎ះមិនមែនជាមង្គល ការប៉ះពាល់ ជា មង្គល សេចក្តីពិត បុគ្គលខ្លះក្រោកឡើងអំពីព្រលឹម បានប៉ះពាល់ផែនដី ស្មៅ ដែលមានពណ៌ខេវោ អាចម៍គោស្រស់ សំពត់ដែលស្អាត ត្រីឆ្ពិន