ឃតបណ្ឌិតជាតកទី ១៦

ក្បាលទី 48 · ទំព័រ 485

( អាមាត្យឈ្មោះរោហិនេយ្យពោលថា ) បពិត្រ ព្រះអង្គជាកណ្ហាយនគោត្រ សូមព្រះអង្គក្រោកឡើង ព្រះអង្គ នៅផ្ទំធ្វើអ្វី ប្រយោជន៍អ្វីរបស់ព្រះអង្គដោយការផ្ទំ ក្សត្រិយ៍ណាជា ព្រះកនិដ្ឋភាតារបស់ខ្លួនព្រះអង្គ ( ស្មើដោយ ) ហបឫទ័យ និងព្រះនេត្រខាងស្តាំ ខ្យល់ចាប់រួបរឹតនូវហបឫទ័យរបស់ក្សត្រិយ៍ ជាព្រះកនិដ្ឋភាតានោះ បពិត្រព្រះកេសវៈ ឃតបណ្ឌិតរមែង អំពាវនាវថា ( អ្នកទាំងឡាយ ចូរឲ្យទន្សាយដល់យើង ) ។ ( ព្រះសាស្តាត្រាស់ថា ) ព្រះបាទកេសវៈ ទ្រង់ ព្រះសណ្តាប់ពាក្យរបស់អាមាត្យ ឈ្មោះរោហិនេយ្យនោះហើយក៏ ទ្រង់ក្រោកឡើងរលះរលាំង ត្រូវសេចក្តីសោកក្នុងព្រះកនិដ្ឋភាតាគ្របសង្កត់ ។ ( ព្រះបាទកេសវៈសួរថា ) អ្នក ហេតុអ្វីក៏មានសភាព ហាក់ដូចជាឆ្កួត ( ត្រាច់ទៅ ) កាន់នគរទ្វារវតីទាំងមូលនេះ និយាយរវើរវាយថា ទន្សាយៗ អ្នកណាលួចយកទន្សាយរបស់ អ្នកទៅឬ ។ អ្នកប្រាថ្នានូវទន្សាយមាស កែវមណី ( លោហៈ ) ឬប្រាក់ ឬក៏ទន្សាយធ្វើដោយស័ង្ខ ដោយសិលា ដោយកែវ ប្រពាល យើងនឹងឲ្យគេធ្វើទន្សាយនោះដល់អ្នក ។ ( បើអ្នកមិន ពេញចិត្តទន្សាយនោះទេ ) ទន្សាយឯទៀតក្នុងព្រៃ រកស៊ីក្នុងព្រៃ យើងនឹងឲ្យគេនាំទន្សាយទាំងនោះមកឲ្យអ្នក អ្នកត្រូវការទន្សាយ បែបណា ( ចូរប្រាប់យើងក្នុងកាលឥឡូវនេះ ) ។ ( ឃតបណ្ឌិតឆ្លើយថា ) ពួកទន្សាយណាដែលអាស្រ័យនៅលើផែនដី ខ្ញុំមិនចង់បានទន្សាយនេះទេ ខ្ញុំចង់បាន ទន្សាយអំពីដួងព្រះចន្ទ បពិត្រព្រះកេសវៈ សូមព្រះអង្គញ៉ាំង ទន្សាយនោះឲ្យចុះមកដើម្បីខ្ញុំ ។