មាតុបោសកជាតកទី ១

ក្បាលទី 48 · ទំព័រ 509

( ដំរីជាមាតារបស់ព្រះពោធិសត្វពោលថា ) ដើម ពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំឈ្មោះ ករវរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំង ដើមកណិការជិតជើងភ្នំក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ ។ ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារ ណាមួយ មានគ្រឿងអាភរណៈជាវិការនៃមាស រមែងចិញ្ចឹម ស្តេចដំរីដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ ( គង់ហើយ ) មិនតក់ស្លុត ( ក្នុងសង្រ្គាម ) អាចនឹងទម្លុះ ទម្លាយនូវក្រោះ ( នៃពួកបច្ចាមិត្តបាន ) ។ ( ព្រះរាជា … ) ម្នាលដំរី អ្នកចូរទទួលពំនូតភោជន ចុះ ម្នាលដំរីអ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយមាន ច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ ។ ( ព្រះពោធិសត្វ … ) មេដំរីនោះជាសត្វកំព្រា ខ្វាក់ ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខ ទៅរកភ្នំចណ្ឌោរណៈ ដួលនៅ ។ ( ព្រះរាជា … ) ម្នាលដំរីដ៏ប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំ ចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជាអ្វីនឹងអ្នកឯង ។ ( ព្រះពោធិសត្វ … ) បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំ ចណ្ឌោរណៈ ដួលនៅនោះ ត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ ។ ( ព្រះរាជា … ) អ្នកទាំងឡាយ ចូរលែងនូវដំរីដ៏ ប្រសើរនុ៎ះ ជាសត្វចិញ្ចឹមនូវមាតា ចូរឲ្យដំរីបានជួបជុំនឹងមាតា ព្រមទាំងញាតិទាំងពួងចុះ ។