ជុណ្ហជាតកទី ២

ក្បាលទី 48 · ទំព័រ 522

( ព្រាហ្មណ៍បានពោលថា ) បពិត្រព្រះអង្គធំជាង ជន សូមព្រះអង្គស្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមកក្នុងទីនេះ ដោយសេចក្តីត្រូវការចំពោះព្រះអង្គ ទ្រង់ព្រះនាមជុណ្ញៈ បពិត្រព្រះអង្គប្រសើរបំផុត ជាងពួកសត្វជើងពីរ បណ្ឌិតទាំងឡាយ ពោលថា កាលព្រាហ្មណ៍ជាអ្នកដំណើរ កំពុងឈរ ( សូម ) បុគ្គលមិនត្រូវដើរ ( ហួស ) ទេ ។ ( ព្រះរាជាទ្រង់ត្រាស់ថា ) ម្នាលព្រាហ្មណ៍ យើង ឮ យើងឈប់នៅ អ្នកចូរនិយាយចុះ អ្នកមកក្នុងទីនេះដោយ ប្រយោជន៍ណា ឬប្រាថ្នានូវប្រយោជន៍អ្វីចំពោះយើង ទើបមក ក្នុងទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់នូវប្រយោជន៍នោះចុះ ។ ( ព្រាហ្មណ៍ … ) សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និងមាសឆ្តោរជាង ១០០ ដល់ទូលព្រះ បង្គំ សូមប្រទានភរិយា ២ នាក់ មានរូបសណ្ឋានដូចគ្នាដល់ ទូលព្រះបង្គំផង ។ ( ព្រះរាជា … ) ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានតបៈ ដ៏ខ្លាំងដែរឬ ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានមន្តទាំងឡាយ មាន សភាពដ៏វិចិត្រដែរឬ ក្រែងអ្នកមានពួកយក្ខខ្លះ ជាអ្នកស្តាប់ដែរ ឬ ម្យ៉ាងទៀត អ្នកដឹងច្បាស់នូវប្រយោជន៍ដែលអ្នកធ្វើហើយ ចំពោះយើងឬ ។ ( ព្រាហ្មណ៍ … ) ទូលព្រះបង្គំជាខ្ញុំមិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំជាខ្ញុំមិនមានពួកយក្ខខ្លះ ជាអ្នកស្តាប់ ទេ ទូលព្រះបង្គំជាខ្ញុំមិនដឹងច្បាស់នូវប្រយោជន៍ ដែលទូលព្រះ បង្គំជាខ្ញុំធ្វើហើយចំពោះព្រះអង្គទេ ក្នុងកាលមុន ( ទូលព្រះ បង្គំជាខ្ញុំ និងព្រះអង្គ ) គ្រាន់តែបានជួបគ្នាបុណ្ណោះ ។