ធម្មទេវបុត្តទី ៣

ក្បាលទី 48 · ទំព័រ 535

( ធម្មទេវបុត្រពោលថា ) ម្នាលអធម្មទេវបុត្រ ខ្ញុំ ឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណព្រាហ្មណ៍សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។ ( អធម្មទេវបុត្រពោលថា ) ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹង ឲ្យផ្លូវដល់អ្នកដែលមិនធ្លាប់ឲ្យហើយក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។ ( ធម្មទេវបុត្រ … ) ធម៌បានកើតមុន អធម៌កើត ក្រោយក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពី ព្រេងនាយផង ម្នាលប្អូនអ្នកចូរចៀសចេញអំពីផ្លូវរបស់បង ។ ( អធម្មទេវបុត្រ … ) ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នកដោយ សេចក្តីអង្វរ មិនត្រូវឲ្យដោយពាក្យសមគួរ មិនត្រូវឲ្យព្រោះខ្ញុំ គួរបានផ្លូវ យើងទាំងពីរនាក់ចូរច្បាំងគ្នាក្នុងថ្ងៃនេះ អ្នកណាឈ្នះ ក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។ ( ធម្មទេវបុត្ត … ) ម្នាលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជា អ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណ គ្រប់យ៉ាង អ្នកនឹងឈ្នះ ( ខ្ញុំ ) ដូចម្តេចបាន ។ ( អធម្មទេវបុត្ត … ) គេតែងដំមាសដោយដែក គេ មិនដែលដំដែកដោយមាសទេ បើអធម្មៈដំធម្មៈ ក្នុងថ្ងៃនេះ ដូចជា ដែកដំមាស បុគ្គលគួរមើលដែរ ។ ( ធម្មទេវបុត្ត … ) ម្នាលអធម្មៈ បើអ្នកមានកម្លាំង នឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូមិនមានដល់អ្នក ខ្ញុំនឹងឲ្យ នូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ផង ខ្ញុំនឹងអត់ទ្រាំ នូវពាក្យទ្រគោះបោះបោករបស់អ្នកផង ។