ឧទយជាតកទី ៤

ក្បាលទី 48 · ទំព័រ 545

( សក្កទេវរាជពោធិសត្វពោលថា ) ម្នាលនាងមាន ចក្ខុប្រាកដស្មើ ដោយភ្នែកនៃកិន្នរ នាងស្លៀកសំពត់ដ៏ស្អាត មាន ភ្លៅរេបោស្រួលបួល មានអវ័យវៈតិះដៀលមិនបាន ឡើងកាន់ ប្រាសាទ អង្គុយតែម្នាក់ឯង បងសូមអង្វរនាង សូមយើងទាំង ពីរនាក់នៅ ( ជាមួយគ្នា ) អស់មួយយប់នេះ ។ ( ព្រះរាជធីតាពោលថា ) បុរីនេះ មានគូខាន់ជាសង្កាត់ៗ មានប៉ម និងខ្លោងទ្វារយ៉ាងមាំ ( មានទាហាន ១០០០០ នាក់ ) កាន់ព្រះខ័នគ្រប់ដៃរក្សាហើយ ចូលបានដោយក្រ ។ មិនមាន ប្រុសជំទង់ ឬប្រុសកំលោះមក ( ក្នុងទីនេះទាំងថ្មើរណេះទេ ) បើ យ៉ាងនេះ តើហេតុអ្វី បានជាអ្នកចង់មកជួបនឹងខ្ញុំ ( ទាំងថ្មើរ ណេះ ) ។ ( សក្កទេវរាជ … ) ម្នាលនាងកល្យាណី យើងជា យក្ខ មកក្នុងសម្នាក់នាង ម្នាលនាងដ៏ចម្រើន នាងចូរត្រេកអរនឹង យើង យើងនឹងឲ្យភាជន៍មាស ដ៏ពេញដោយមាសដល់នាង ។ ( ព្រះរាជធីតា … ) ម្នាលទេវបុត្ត មានអានុភាព ច្រើន ខ្ញុំមិនប្រាថ្នាបុគ្គលដទៃ ទោះបីជាទេវតា យក្ខ ឬមនុស្ស លើសជាងព្រះបាទឧទយៈទេ អ្នកចូរទៅចុះ លុះអ្នកទៅហើយ កុំត្រឡប់មកវិញឡើយ ។ ( សក្កទេវរាជ … ) សេចក្តីត្រេកត្រអាលណា ដ៏ ឧត្តមរបស់ពួកសត្វ អ្នកបរិភោគកាម ពួកសត្វប្រព្រឹត្តមិនស្មើ ព្រោះហេតុនៃសេចក្តីត្រេកត្រអាលណា នាងកុំផ្ចាញ់សេចក្តីត្រេកត្រអាលនោះ ក្នុងធម្មជាតស្អាតរបស់នាង យើងនឹងឲ្យភាជន៍ ប្រាក់ ដ៏ពេញដោយមាសដល់នាង ។ ( ព្រះរាជធីតា … ) បុរសកាលលួងលោមស្ត្រីដោយ ទ្រព្យ ធ្វើនូវសេចក្តីពេញចិត្ត ក្នុងស្ត្រីណា ក៏លើកតម្កើងស្ត្រី នោះ ទេវធម៌របស់អ្នកខុសនឹងគេ ( ព្រោះថា ) អ្នកមកដោយ វត្ថុ រឹតតែតិចដោយពិតប្រាកដ ។