អដ្ឋកថា ឧទយជាតកទី ៤

ក្បាលទី 48 · ទំព័រ 550

[ ៨២៤-៨៣៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអ្នកអផ្សុក ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឯកានិ សិន្នា ដូច្នេះជាដើម ។ រឿងនឹងមានច្បាស់ក្នុងកុសជាតកខាងមុខ ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ ពិតឬ ដែលអ្នកជាបុគ្គល អផ្សុក កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ពិតមែន ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុ ហេតុអ្វីទើបអ្នកបព្វជ្ជាក្នុងសាសនា ដែលជាទីនាំសត្វចេញ ចាកទុក្ខបែបនេះ ជាអ្នកអផ្សុកដោយអំណាចកិលេស សូម្បីតែបណ្ឌិតក្នុង កាលមុន សោយរាជសម្បត្តិក្នុងសុរុន្ទននគរ ដែលមានបរិមណ្ឌល ១២ យោជន៍ដ៏មាំទាំ ទោះបីនៅរួមក្នុងបន្ទប់ជាមួយស្រី ដែលប្រៀបស្មើដោយទេពអប្សរ អស់ ៧០០ ឆ្នាំ ក៏មិនបានទម្លាយឥន្ទ្រិយ សម្លឹងមើលដោយអំណាច លោភៈឡើយ ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទកាសីសោយរាជសម្បត្តិក្នុងសុរុន្ទននគរ ដែន កាសី ទ្រង់មិនធ្លាប់មានព្រះឱរស ឬព្រះរាជធីតាឡើយ ។ ទ្រង់ត្រាស់នឹងព្រះ ទេវីទាំងឡាយរបស់ទ្រង់ថា ចូរពួកនាងនាំគ្នាប្រាថ្នាបុត្រចុះ ។ ព្រះរាជទេវី ទទួលព្រះរាជតម្រាស់ហើយ បានធ្វើដូច្នោះ ។ កាលនោះ ព្រះពោធិសត្វ ចុតិអំពីព្រហ្មលោក បដិសន្ធិក្នុងឧទរនៃព្រះអគ្គមហេសីរបស់ព្រះរាជា ។ គ្រា នោះ ព្រះញាតិទាំងឡាយ ថ្វាយព្រះនាមព្រះរាជកុមារនោះថា ឧទយភទ្ទ ព្រោះទ្រង់កើតឡើង ធ្វើឲ្យហទយៈរបស់មហាជនចម្រើន ។