យុធញ្ជយជាតកទី ៦

ក្បាលទី 48 · ទំព័រ 583

( ព្រះរាជកុមារពោធិសត្វពោលថា ) បពិត្រព្រះរាជា ជាធំក្នុងរថ ខ្ញុំព្រះអង្គសូមថ្វាយបង្គំ ( ព្រះអង្គ ) ដែលមិត្ត និង អាមាត្យចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេព អនុញ្ញាតផ្នួសនោះ ( ដល់ខ្ញុំព្រះអង្គ ) ។ ( ព្រះរាជាទ្រង់ត្រាស់ថា ) បើកូនឯងខ្វះកាមទាំងឡាយ ពុកនឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក ពុកនឹងឃាត់ ( បុគ្គលនោះ ) ម្នាលយុធញ្ជ័យ អ្នកកុំបួស ឡើយ ។ ( ព្រះរាជកុមារ … ) ខ្ញុំព្រះអង្គ មិនមានសេចក្តីខ្វះ កាមទាំងឡាយទេ បុគ្គលនីមួយ បៀតបៀននូវខ្ញុំព្រះអង្គ ក៏មិន មានដែរ តែថា ខ្ញុំព្រះអង្គ ប្រាថ្នានឹងធ្វើនូវទីពឹង ( ដល់ខ្លួន ) ដែលជរាកម្ចាត់បង់មិនបាន ។ ( ព្រះសាស្តា … ) បុត្តអង្វរនូវបិតា បិតាក៏អង្វរនូវ បុត្តឱរសដែរ ព្រះរាជាទ្រង់ត្រាស់ថា ម្នាលកូន ជនអ្នកនៅក្នុង និគមអង្វរអ្នក ម្នាលយុធញ្ជ័យ អ្នកកុំបួសឡើយ ។ ( ព្រះរាជកុមារ … ) បពិត្រព្រះបិតា ជាធំក្នុងរថ សូមព្រះអង្គ កុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញ ដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ ។ ( ព្រះមាតា … ) ម្នាលកូន យើងសូមអង្វរអ្នក ម្នាល កូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាល យុធញ្ជ័យ ចូរអ្នកកុំបួសឡើយ ។ ( ព្រះរាជកុមារ … ) ទឹកសន្សើមលើចុងស្មៅ តែង ធ្លាក់ចុះ ( លើផែនដី ) ក្នុងកាលព្រះអាទិត្យរះឡើយ យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រ ព្រះមាតា សូមព្រះមាតាកុំឃាត់ខ្ញុំឡើយ ។