សំវរជាតកទី ៨

ក្បាលទី 48 · ទំព័រ 613

( ឧបោសថកុមារ បានពោលថា ) បពិត្រមហារាជ ព្រះជិនាធិបៈ ( ជាព្រះបិតា ) ប្រហែលទ្រង់ជ្រាបនូវសីលរបស់ ព្រះអង្គហើយ បានជាព្រះអង្គបូជា នូវព្រះរាជកុមារទាំងនេះ ( ដោយជនបទនោះៗ ) មិនសម្គាល់នូវព្រះអង្គ ដោយជនបទ ណាមួយឡើយ ។ កាលដែលមហារាជ គង់ព្រះជន្មនៅ ឬកាលដែល ព្រះអង្គ ( ជាបិតារបស់ពួកយើង ) ទិវង្គតហើយ ពួកញាតិកា លឃើញសេចក្តីចម្រើនរបស់ខ្លួន បានយល់ព្រមឲ្យព្រះអង្គ ( សោយរាជ្យ ) ។ បពិត្រព្រះបាទសំវរៈ ព្រះអង្គគ្របសង្កត់ ( នូវបង ៩៩ ព្រះអង្គ ) ដែលកើតជាមួយ តើដោយវត្តដូចម្តេច ឯពួកញាតិ ដែលមកប្រជុំគ្នាហើយ ក៏មិនគ្របសង្កត់នូវព្រះអង្គ តើ ដោយវត្តដូចម្តេច ។ ( ព្រះបាទសំវរៈ … ) បពិត្ររាជបុត្ត ខ្ញុំមិនច្រណែន ខ្ញុំថ្វាយបង្គំព្រះបាទទាំងឡាយ របស់ពួកសមណៈ ជាតាទិបុគ្គល បាននមស្ការពួកសមណៈទាំងនោះ ដោយគោរព ។ សមណៈទាំងនោះ ជាអ្នកត្រេកអរក្នុងធម្មគុណ របស់ ឥសី បានប្រៀនប្រដៅខ្ញុំ ឲ្យប្រកបក្នុងធម្មគុណ ឲ្យជាអ្នកត្រង ត្រាប់មិនច្រណែន ។ ខ្ញុំបានស្តាប់ពាក្យ របស់ពួកសមណៈ អ្នកស្វែងរក នូវគុណនោះហើយ មិនមើលងាយបន្តិចបន្តួចសោះ ចិត្តរបស់ខ្ញុំ ក៏ត្រេកអរ ក្នុងធម៌ជានិច្ច ។ ពួកទាហានជិះដំរី ពួកទាហាន ដែលឋិតនៅក្នុងក្បួន ទ័ព ពួកទាហានជិះរថ ពួកពលថ្មើរជើង ខ្ញុំមិនបន្ថយនូវបាយ និងថ្លៃឈ្នួល ដែលពួកទាហាននោះ ចាត់ចែងហើយ ។ ពួកមហាមាត្យ ពួកម្រន្តី ពួកអ្នកបម្រើ របស់ខ្ញុំមាន ពួកជនបានចាត់ចែងនូវសាច់ និងទឹកសុរាដ៏ច្រើន ក្នុងក្រុង ពារាណសី ។