ចុល្លកុណាលជាតកទី ១
( សត្វតាវៅបានពោលថា ) បុរសដែលមិនជាប់ចំពាក់ ដោយទេវតា ( ខ្មោចមិនចូល ) មិនគួរជឿ ( នូវសីល និងវត្ត ) របស់ពួកស្ត្រីជាអ្នកឈ្លានពាន មានចិត្តរហ័ស មិនដឹងនូវឧបការគុណ ដែលគេធ្វើហើយ ជាអ្នកទ្រុស្តមិត្តទេ ។ ស្ត្រីទាំងនោះ មិនដឹងនូវឧបការគុណ ដែលគេធ្វើហើយ ដល់ខ្លួន មិនដឹងច្បាស់នូវកិច្ច ( ដែលខ្លួនត្រូវធ្វើ ) មិនដឹងច្បាស់ នូវមាតាបិតា ឬបងប្អូន មិនអេនោខ្មាស តែងប្រព្រឹត្តកន្លងច្បាប់ ជាធម្មតា លុះក្នុងអំណាចនៃចិត្តរបស់ខ្លួន ។ ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទី ស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅជាមួយគ្នា អស់កាលយូរ ជា អ្នកអនុគ្រោះ សូម្បីស្មើដោយជីវិត ក្នុងគ្រោះថ្នាក់ទាំងឡាយផង ក្នុងកិច្ចការទាំងឡាយផង ព្រោះហេតុនោះ ខ្ញុំមិនស្និទ្ធស្នាលនឹង ស្ត្រីទាំងឡាយឡើយ ។ ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល ដូចជាសត្វស្វា ឬដូចជាម្លប់ឈើ ចិត្តរបស់ពួកស្ត្រីច្រាស់ច្រាល់ វិលវង់ ដូចជា ខ្នងកង់កាលវិលទៅ ដូច្នោះ ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងឃើញទ្រព្យរបស់ បុរស មានសភាពគួរយកបាន ក៏នាំបុរសនុ៎ះទៅ ( កាន់អំណាច ខ្លួន ) ដោយសម្តីដ៏ផ្អែមល្ញែមទាំងឡាយ ដូចជាពួកជន អ្នកនៅក្នុង ដែនកម្ពោជៈ កាលនាំសេះទៅកាន់អំណាចខ្លួន ដោយស្លែ ដូច្នោះ ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងមើលមិនឃើញ ទ្រព្យរបស់បុរស មានសភាពគួរយកបានទេ ក៏គេចចៀសបុរស នុ៎ះដោយជុំវិញ ដូចជាបុគ្គលអ្នកឆ្លង ទៅដល់ត្រើយស្ទឹងហើយក៏ វៀរបង់នូវក្បូន ដូច្នោះ ។