ភទ្ទសាលជាតកទី ២

ក្បាលទី 48 · ទំព័រ 648

( ព្រះរាជាទ្រង់ត្រាស់ថា ) អ្នកជាអ្វី ដែលមានសំពត់ ទាំងឡាយដ៏ស្អាត បានឋិតនៅលើអាកាសវេហាស៍ ទឹកភ្នែកទាំងឡាយ របស់អ្នកហូរចេញ តើដោយហេតុអ្វី ភ័យមកចំពោះអ្នក ព្រោះអ្វី ។ ( ទេវរាជត្រាស់ថា ) បពិត្រព្រះសម្មតិទេព ជន ទាំងឡាយ ក្នុងដែនរបស់ព្រះអង្គ ស្គាល់ច្បាស់នូវខ្ញុំថា ជាភទ្ទសាលព្រឹក្ស កាលខ្ញុំឋិតនៅ ( ក្នុងឧទ្យាននេះ ) អស់ ៦ ម៉ឺនឆ្នាំ ជនទាំងឡាយបានបូជាហើយ ។ បពិត្រព្រះអង្គជាម្ចាស់ទិស ( ព្រះរាជាទាំងឡាយពី ដើមក្នុងនគរនេះ ) កាលឲ្យគេសាងទីក្រុងទាំងឡាយផង ដំណាក់ ទាំងឡាយផង ប្រាសាទផ្សេងៗ ផង មិនដែលបៀតបៀនខ្ញុំ ឡើយ ព្រះរាជាទាំងនោះបូជាខ្ញុំ យ៉ាងណា សូមព្រះអង្គបូជាខ្ញុំ យ៉ាងនោះដែរ ។ ( ព្រះរាជា … ) ខ្ញុំមិនធ្លាប់ឃើញអ្នក ជាដើមឈើធំ ដោយកាយរបស់អ្នកទេ អ្នកជាឈើមានទ្រង់ទ្រាយដ៏ល្អ ដោយ កម្ពស់ និងទំហំ និងកំណើត ។ ម្នាលយក្ខ ខ្ញុំនឹងឲ្យគេធ្វើប្រាសាទ មានសសរតែមួយ ជាទីរីករាយនៃចិត្ត ខ្ញុំនឹងនាំយកអ្នក ចូលទៅក្នុងប្រាសាទនោះ ជីវិតរបស់អ្នក ( នឹងមាន ) អស់កាលយូរ ។ ( ទេវរាជ … ) ( បើ ) ព្រះហបឫទ័យ ( របស់ទ្រង់ ) កើតឡើងយ៉ាងនេះ សេចក្តីព្រាត់ប្រាស ( ចាកភទ្ទសាលព្រឹក្ស ) ជាសរីរៈ ( របស់ខ្ញុំ នឹងមានប្រាកដ ) ( កាលបើយ៉ាងនេះ ) សូមព្រះអង្គកាត់ខ្ញុំ ជាច្រើនកំណាត់ កាត់ជាកំណាត់តូចធំចុះ ។ តែសូមព្រះអង្គកាត់ត្រង់ចុង និងកណ្តាល ( មុន ) រួចកាត់ត្រង់គល់ក្នុងកាលជាខាងក្រោយ កាលបើខ្ញុំត្រូវព្រះអង្គ កាត់យ៉ាងនេះ សេចក្តីស្លាប់មិនគប្បីជាទុក្ខទេ ។