សមុទ្ទវាណិជជាតកទី ៣
( ព្រះសាស្តា ទ្រង់សម្តែងនូវឧទានរបស់បុរសម្នាក់ ថា ) ពួកមនុស្សជន ( ក្នុងជម្ពូទ្វីប ) ទាំងនោះ អាស្រ័យ ចិញ្ចឹមជីវិតដោយផលនៃការងារ រមែងសាបព្រោះ ក៏មិនបាន មួយចំណែកនៃកោះនេះឡើយ ឯកោះរបស់យើងនេះប្រសើរជាង ជម្ពូទ្វីប ។ ( ធម្មិកទេវបុត្របានពោលថា ) កាលបើព្រះចន្ទ ដើរដល់រាត្រី ១៥ កើត សន្ទុះនៃសាគរដ៏ធំនឹងជោរលិចកោះដ៏ ថ្កុំថ្កើងនេះ សន្ទុះនៃសាគរនោះ កុំសម្លាប់អ្នកទាំងឡាយឡើយ អ្នកទាំងឡាយ ចូរទៅរកទីជ្រកកោនដទៃចុះ ។ ( អធម្មិកទេវបុត្របានពោលថា ) សន្ទុះនៃទឹកក្នុង សាគរនេះ មិនមែនជោរលិចកោះដ៏ថ្កុំថ្កើងនេះទេ ដំណើរនោះ យើងឃើញដោយនិមិត្តដ៏ច្រើន អ្នកទាំងឡាយកុំខ្លាច សោយសោក ព្រោះហេតុអ្វី ចូររីករាយចុះ ។ អ្នកទាំងឡាយ បានដល់លំនៅដ៏ថ្កុំថ្កើងនេះ ជាកន្លែង មានចំណីដ៏ច្រើន មានបាយ និងទឹកដ៏ច្រើន យើងមិនឃើញភ័យ បន្តិចបន្តួចនៃអ្នកទាំងឡាយឡើយ អ្នកទាំងឡាយ ចូររីករាយ ជាមួយនឹងកូន និងចៅទាំងឡាយចុះ ។ ជាងឈើជាមនុស្សពាលបានពោលថា ទេវតាណា ឋិតក្នុងទិសខាងត្បូង និយាយប្រាប់សេចក្តីក្សេម ពាក្យរបស់ ទេវតានោះពិត ទេវតាដែលឋិតក្នុងទិសខាងជើង មិនដឹងនូវហេតុ ដែលគួរខ្លាច និងមិនគួរខ្លាចទេ អ្នកទាំងឡាយ កុំខ្លាចឡើយ សោយសោកធ្វើអ្វី ចូរនាំគ្នារីករាយចុះ ។ ( ជាងឈើជាបណ្ឌិតបានពោលថា ) យក្ខទាំងនេះ ពោលខុសគ្នា យក្ខម្នាក់ប្រាប់នូវភ័យ យក្ខម្នាក់ប្រាប់នូវសេចក្តី ក្សេម ណ្ហើយចុះ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យយើងចុះ យើងទាំងអស់គ្នា កុំវិនាសឆាប់រួសរាន់ឡើយ ។