កាមជាតកទី ៤
( ព្រះមហាសត្វបានពោលថា ) កាលបុគ្គលប្រាថ្នា នូវកាម បើកាមនោះសម្រេចដល់បុគ្គលនោះ សត្វប្រាថ្នាកាម ណាបានហើយ រមែងជាអ្នកមានចិត្តរីករាយក្នុងវត្ថុនោះ ដោយ ពិត ។ កាលបុគ្គលប្រាថ្នាកាម បើកាមនោះសម្រេចដល់ បុគ្គលនោះ បុគ្គលនោះរមែងបាននូវចំណង់ដទៃជាងនោះទៅទៀត ដូចជា ( បុគ្គលហត់នឿយ ) បាននូវចំណង់ ( ស្រេក ) ក្នុង រដូវក្តៅ ។ កាលគោជាសត្វមានស្នែងកំពុងចម្រើន ស្នែងរមែង ចម្រើនដែរ យ៉ាងណា កាលសត្វអ្នកមានបញ្ញាទន់ ល្ងង់ខ្លៅមិន ដឹងអ្វី កំពុងចម្រើន តណ្ហា និងសេចក្តីស្រេកឃ្លាន រមែងរឹងរឹត ចម្រើនឡើងយ៉ាងនោះដែរ ។ ប្រសិនបើ ( មាណពនោះ ) ឲ្យស្រែស្រូវខ្សាយ ឲ្យស្រែស្រូវដំណើប ឲ្យគោ សេះ និងបុរសជាខ្ញុំប្រុសលើផែនដី ( ដល់បុគ្គលណាមួយ វត្ថុទាំងបុណ្ណេះនេះ ) ក៏មិនល្មមដល់ បុគ្គលម្នាក់ឡើយ បុរសដឹងយ៉ាងនេះហើយ គប្បីប្រព្រឹត្តឲ្យស្មើ ។ ស្តេចកំហែងច្បាំងឈ្នះនូវផែនដី ហើយគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពជាអ្នកមិនឆ្អែតនឹងត្រើយ សមុទ្រខាងអាយ ក៏ចង់បាននូវត្រើយសមុទ្រខាងនាយទៀត ។ បុរសកាលនឹកស្រណោះ នូវកាមទាំងឡាយដោយចិត្ត ( ដរាបណា ) ក៏មិនដល់នូវសេចក្តីឆ្អែតដរាបនោះ ពួកសត្វ ណាត្រឡប់ចិត្តចេញ គេចខ្លួនថយអំពីកាមនោះហើយ ឃើញ ( ទោសកាមដោយញាណ ) ជាអ្នកឆ្អែតដោយប្រាជ្ញា ពួកសត្វ នោះ ទើបឈ្មោះថា ឆ្អែតពិតមែន ។ បុរសនោះ មិនក្តៅក្រហាយដោយកាមទាំងឡាយ ( នេះ ) ជាអំពើដ៏ប្រសើររបស់ពួកជនអ្នកឆ្អែតដោយប្រាជ្ញា តណ្ហាមិនធ្វើបុរសដែលឆ្អែតដោយប្រាជ្ញា ឲ្យលុះក្នុងអំណាចបាន ឡើយ ។