ជនសន្ធជាតកទី ៥

ក្បាលទី 48 · ទំព័រ 714

( ព្រះសាស្តាទ្រង់ត្រាស់ថា ) ព្រះបាទជនសន្ធៈទ្រង់ មានព្រះឱង្ការថា បុគ្គលណាមិនបានធ្វើហេតុទាំង ១០ នេះទុក ជាមុនទេ បុគ្គលនោះតែងក្តៅក្រហាយក្នុងកាលជាខាងក្រោយ ។ បុគ្គលមិនបានទ្រព្យ ដែលខ្លួនមិនបានឲ្យកើតឡើង ក្នុងកាលមុន រមែងក្តៅក្រហាយ តែងក្តៅក្រហាយរឿយៗ ក្នុង កាលជាខាងក្រោយថា អាត្មាអញមិនបានស្វែងរកទ្រព្យទុកក្នុង កាលមុន ។ បុគ្គលតែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ថា សិល្បៈជាគុណមានសភាពអង់អាច អាត្មាអញមិនបានរៀន ទុកក្នុងកាលមុន ការចិញ្ចឹមជីវិតនៃបុគ្គលអ្នកមិនមានសិល្បៈ លំបាក ។ បុគ្គលតែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ថា កាលពីដើម អាត្មាអញ ជាអ្នកបុិនប្រសប់ក្នុងអំពើ កោងផង ជាអ្នកញុះញង់ផង ស៊ីសាច់ខ្នងគេ គឺស៊ីសំណូកផង ជាអ្នកកាចផង អាក្រក់ផង ។ បុគ្គលតែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ថា កាលពីដើម អាត្មាអញ ជាអ្នកសម្លាប់សត្វផង កាចអាក្រក់ផង ជាអ្នកមិនប្រសើរផង មិនកោតកែងចំពោះពួក សត្វផង ។ បុគ្គលតែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ថា អើហ្ន៎ កាលដែលពួកស្ត្រីមានច្រើនគរគោក ជ្រាស្តី មិនមានអន្តរាយ ( មិនមានគេកាន់កាប់សោះ ) អាត្មាអញសេព នឹងប្រពន្ធគេ ។ បុគ្គលតែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ថា អើហ្ន៎ កាលពីដើម អាត្មាអញ មានបាយ និងទឹក ច្រើនគរគោក តែមិនបានឲ្យទានសោះ ។ បុគ្គលតែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ថា កាលអាត្មាអញមានទ្រព្យច្រើន មិនបានចិញ្ចឹមមាតានិ ងបិតាដែលចាស់ មានវ័យកន្លងហើយ ។