អដ្ឋកថា មហាកណ្ហជាតកទី ៦

ក្បាលទី 48 · ទំព័រ 729

[ ៩៥៩-៩៧០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការប្រព្រឹត្តប្រយោជន៍ដល់សត្វលោក ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា កណ្ហោ កណ្ហោ ច ឃោរោ ច ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយក្នុងធម្មសភា ពណ៌នា ដល់ព្រះគុណរបស់ព្រះទសពល ដែលទ្រង់ប្រព្រឹត្តប្រយោជន៍ដល់សត្វលោក ថា អាវុសោទាំងឡាយ ព្រះសាស្តាទ្រង់បដិបត្តិដើម្បីប្រយោជន៍ដល់ជនជាច្រើន ទ្រង់លះនូវផាសុកផ្ទាល់ព្រះអង្គ ទ្រង់ប្រព្រឹត្តប្រយោជន៍ដល់សត្វលោកដោយចំណែកមួយ ចាប់តាំងអំពីសម្រេចព្រះបរមាភិសម្ពោធិញ្ញាណ ហើយ ទ្រង់កាន់បាត្រចីវរដោយព្រះអង្គឯង ទ្រង់ពុទ្ធដំណើរអស់ចម្ងាយផ្លូវ ១៨ យោជន៍ ទ្រង់បង្វិលធម្មចក្រឲ្យប្រព្រឹត្តទៅដល់បញ្ចវគ្គិយភិក្ខុ ក្នុងតិថីទី ៥ នៃបក្ខ ត្រាស់អនត្តលក្ខណសូត្រ ប្រទានអរហត្តដល់ព្រះថេរៈជាបញ្ចវគ្គិយ ទាំងអស់ ហើយយាងទៅឧរុវេលាបទេស ទ្រង់សម្តែងព្រះបាដិហារ្យ ៣៥០០ ដល់ជដិល ៣ នាក់បងប្អូន ឲ្យបព្វជ្ជាហើយ នាំទៅគយាសីសបទេស ទ្រង់ សម្តែងអទិត្តបរិយាយសូត្រ ប្រទានអរហត្តដល់ជដិល ១០០០ យាងទៅទទួល ព្រះមហាកស្សបៈអស់ចម្ងាយផ្លូវ ៣ គាវុត ប្រទានឧបសម្បទា ដោយឱវាទ ៣ ។ សម័យមួយ ក្រោយបច្ឆាភត្ត ទ្រង់យាងឆ្លងមាគាតែមួយព្រះអង្គឯង អស់ចម្ងាយផ្លូវ ៤៥ យោជន៍ ឲ្យបុក្កុសាតិកុលបុត្រ តាំងនៅក្នុងអនាគាមិផល យាងទៅទទួលព្រះមហាកប្បិន អស់ចម្ងាយផ្លូវ ១២០ យោជន៍ ប្រទាននូវ