កោសិយជាតកទី ៧

ក្បាលទី 48 · ទំព័រ 741

( កោសិយសេដ្ឋីពោលថា ) ខ្ញុំមិនទិញមិនលក់ទេ ម្យ៉ាងទៀត ការសន្សំ ( នូវទ្រព្យ ) របស់ខ្ញុំ ក៏មិនមានក្នុងទីនេះ ដែរ បាយនេះតិច មានសភាពក្រក្រៃពេក បាយអង្ករ ១ កំបង់ នេះ មិនល្មមដល់ជនពីរនាក់ទេ ។ ( សក្កទេវរាជពោលថា ) បុគ្គលគប្បីឲ្យវត្ថុតិច អំពីវត្ថុតិច គប្បីឲ្យវត្ថុពាក់កណ្តាល អំពីវត្ថុពាក់កណ្តាល គប្បី ឲ្យវត្ថុច្រើន អំពីវត្ថុច្រើន ការមិនឲ្យមិនកើតទេ ។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយ ផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គល ស៊ីម្នាក់ឯងមិនបានសេចក្តីសុខទេ ។ ( ចន្ទទេវបុត្រពោលថា ) បុគ្គលណា កាលដែល ភ្ញៀវអង្គុយហើយ បរិភោគភោជនតែម្នាក់ឯង ការបូជារបស់ បុគ្គលនោះឈ្មោះថាឥតអំពើផង ការព្យាយាមញ៉ាំងទ្រព្យឲ្យកើត របស់បុគ្គលនោះឈ្មោះថាឥតអំពើផង ។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គលស៊ីម្នាក់ឯង មិនបានសេចក្តីសុខទេ ។ ( សុរិយទេវបុត្រពោលថា ) បុគ្គលណា កាលដែល ភ្ញៀវអង្គុយហើយ មិនបរិភោគភោជនតែម្នាក់ឯង ការបូជារបស់ បុគ្គលនោះ ឈ្មោះថា សច្ចៈផង ការព្យាយាមញ៉ាំងទ្រព្យឲ្យកើត របស់បុគ្គលនោះ ឈ្មោះថា សច្ចៈផង ។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គលស៊ីម្នាក់ឯង មិនបានសេចក្តីសុខទេ ។