មិត្តាមិត្តជាតកទី ១០
( ព្រះបាទព្រហ្មទត្ត សួរមហាសត្វថា ) បណ្ឌិត អ្នកមានប្រាជ្ញាឃើញ ឬឮពួកជន កំពុងធ្វើនូវអំពើអ្វីៗ គប្បីដឹង ថា ជាអមិត្តបាន តើវិញ្ញូជនគប្បីព្យាយាមដូចម្តេច ។ ( ព្រះមហាសត្វ សម្តែងនូវលក្ខណៈ នៃបុគ្គលជា សត្រូវនោះថា ) បុគ្គលជាសត្រូវ ឃើញបុគ្គលនោះហើយ មិន ញញឹម ១ មិនទទួលត្រេកអរនឹងសម្តីបុគ្គលនោះ ១ មិនឲ្យភ្នែក ដល់បុគ្គលនោះ ១ ប្រព្រឹត្តទទឹងទាស់ ១ ។ បុគ្គលអែបអបនឹងពួកសត្រូវ របស់បុគ្គលនោះ ១ មិនសេពគប់នឹងពួកមិត្ត របស់បុគ្គលនោះ ១ រារាំងពួកជនអ្នក និយាយសរសើរ ១ សរសើរពួកជនអ្នកជេរ ១ ។ មិនប្រាប់សេចក្តីកំបាំង ដល់បុគ្គលនោះ ១ មិនលាក់ សេចក្តីកំបាំង របស់បុគ្គលនោះ ១ មិនសរសើរការងារ របស់ បុគ្គលនោះ ១ មិនសរសើរប្រាជ្ញា របស់បុគ្គលនោះ ១ ។ ត្រេកអរនឹងសេចក្តីវិនាស របស់បុគ្គលនោះ ១ មិនត្រេកអរនឹងសេចក្តីចម្រើន របស់បុគ្គលនោះ ១ បានភោជន ចម្លែក មិននឹកនាដល់បុគ្គលនោះ ១ មិនអនុគ្រោះបុគ្គលនោះ អំពីរបស់នោះថា ឱ មិត្តនោះ គប្បីបានរបស់នេះខ្លះ ១ ។ បណ្ឌិតឃើញ ឬឮ ហើយស្គាល់ថា ជាអមិត្តបាន ដោយអាការទាំង ១៦ នេះ ដែលតម្កល់នៅក្នុងអមិត្ត ដោយ ប្រការ ដូច្នេះ ។ ( ព្រះបាទព្រហ្មទត្ត … ) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮពួកជនកំពុងធ្វើការងារអ្វីៗ គប្បីដឹងថា ជាមិត្តបាន តើវិញ្ញូជនគប្បីព្យាយាមដូចម្តេច ។ ( មហាសត្វ … ) បុគ្គលជាមិត្ត តែងនឹករពឫកដល់ មិត្ត ដែលនៅបែកគ្នា ១ ត្រេកអរនឹងមិត្តដែលមកដល់ ១ ជា អ្នករាប់អានចំពោះមិត្តនោះ ១ ទទួលរីករាយ ដោយវាចា ១ ។