អដ្ឋកថា មិត្តាមិត្តជាតកទី ១០
[ ១០១១-១០២២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធអមាត្យអ្នកប្រព្រឹត្តប្រយោជន៍របស់ព្រះបាទកោសល ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កានិ កម្មានិ កុព្វានំ ដូច្នេះជាដើម ។ បានឮថា អមាត្យនោះ មានឧបការៈច្រើនដល់ព្រះរាជាៗ ក៏បានប្រទាន សក្ការៈ និងការរាប់អានដោយអើពើ ពួកអមាត្យដ៏សេសអត់ធន់មិនបាន ទើប នាំគ្នាញុះញង់ថា បពិត្រព្រះសម្មតិទេព អមាត្យនោះនឹងធ្វើសេចក្តីវិនាសដល់ ទ្រង់ ។ ព្រះរាជាទ្រង់កំណត់ពិចារណាមើលទោសរបស់អមាត្យនោះ ក៏មិន ឃើញទោសណាមួយ ទ្រង់ព្រះតម្រិះថា យើងមិនឃើញទោសណាមួយ របស់អមាត្យនេះ ធ្វើម្តេចទើបយើងអាចដឹងថា អមាត្យនេះ ជាមិត្រ ឬមិន មែនមិត្រ ទ្រង់គិតបានថា វៀរព្រះតថាគតហើយ អ្នកដទៃមិនអាចដឹងបញ្ញា នេះបាន អញនឹងទូលសួរ លុះទ្រង់សោយព្រះក្រយាហារស្រេចហើយ ក៏ចូលទៅ គាល់ព្រះសាស្តាទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ធ្វើដូចម្តេចទើប បុគ្គលអាចដឹងថា នរណាជាមិត្រ ឬមិនមែនមិត្ររបស់ខ្លួន ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងព្រះរាជាថា មហាបពិត្រ បណ្ឌិតក្នុង កាលមុនក៏គិតបញ្ញានេះ ហើយសាកសួរពួកបណ្ឌិត បណ្ឌិតទាំងឡាយនោះ ប្រាប់ ហើយវៀរជនដែលមិនមែនជាមិត្រ គប់រកតែមិត្របុណ្ណោះ ព្រះរាជាបាន ទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វសោយព្រះជាតិជាអមាត្យ ជាអ្នកបង្រៀនអត្ថ និងធម៌ដល់ព្រះរាជា កាលនោះ ក្នុងនគរពារាណសី មានអមាត្យម្នាក់ប្រព្រឹត្តប្រយោជន៍ដល់ ព្រះរាជា ពួកអមាត្យដ៏សេសនាំគ្នាញុះញង់ព្រះរាជាៗ ទ្រង់មិនឃើញទោស របស់អមាត្យនោះ ទ្រង់ព្រះតម្រិះថា ធ្វើម្តេចហ្ន៎ ទើបអញដឹងថា អ