អដ្ឋកថា អម្ពជាតកទី ១

ក្បាលទី 48 · ទំព័រ 784

[ ១០២៣-១០៣៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធទេវទត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អាហាសិ មេ អម្ពផលានិ បុព្វេ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ទេវទត្តលុបគុណអាចារ្យថា យើងជាព្រះពុទ្ធ ព្រះសមណ គោតមមិនមែនអាចារ្យ មិនមែនឧបជ្ឈាយ៍របស់យើងឡើយ សាបសូន្យ ចាកឈាន បំបែកសង្ឃ កំពុងមកកាន់ក្រុងសាវត្ថីដោយលំដាប់ កាលផែនដី បើកឱកាស ចូលទៅកាន់អវីចីមហានរក ខាងក្រៅព្រះវិហារជេតពន ។ ក្នុង កាលនោះ ភិក្ខុទាំងឡាយ អង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តលុបគុណអាចារ្យចោល ដល់នូវសេចក្តីវិនាសធំ កើតក្នុង អវីចីមហានរក ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន តែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏លុបគុណអាចារ្យ ដល់នូវសេចក្តីវិនាសដូចគ្នា ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ត្រកូលនៃបុរោហិតរបស់ព្រះបាទព្រហ្មទត្តនោះ វិនាសទៅដោយអហិវាតករោគ ។ កូនប្រុសម្នាក់ទម្លុះជញ្ជាំងផ្ទះរត់ទៅបាន ទៅដល់នគរតក្កសិលា រៀនត្រៃវេទ និងសិប្បៈដ៏សេស ក្នុងសំណាក់អាចារ្យទិសាបាមោក្ខ ថ្វាយបង្គំលាអាចារ្យ ។ កាលនឹងចេញមកគិតថា អញនឹងត្រូវដឹងទំនៀមទំលាប់របស់ប្រទេស ទើប ទៅដល់ជាយដែនមួយ ជាស្រុកធំនៃពួកចណ្ឌាល បានអាស្រ័យតំបន់នោះរស់ នៅ ។ ក្នុងកាលនោះ ព្រះពោធិសត្វអាស្រ័យស្រុកនោះ បានជាបណ្ឌិតអ្នកឈ្លាស វៃ ដឹងមន្តដែលធ្វើឲ្យផ្លែស្វាយមានផ្លែព