ផនន្ទជាតកទី ២
( កាឡសីហៈសួរថា ) អ្នកជាបុរសមានដឹងក្នុងដៃ ចូលមកឈរនៅក្នុងព្រៃ នែសម្លាញ់ ខ្ញុំសួរហើយ ចូរអ្នកប្រាប់ តើអ្នកចង់កាប់ឈើអ្វី ។ ( វឌ្ឍកីព្រាហ្មណ៍តបថា ) អ្នកជាកាឡសីហៈ ត្រាច់ទៅកាន់ព្រៃស្មើ និងមិនស្មើ ម្នាលសម្លាញ់ ខ្ញុំសួរហើយ អ្នកចូរប្រាប់ឈើអ្វី ធ្វើខ្នងកង់ជាប់មាំ ។ ( កាឡសីហៈ … ) ដើមរាំងក៏មិនជាប់ ដើមគគីរ ក៏មិនជាប់ ដើមត្រចៀកប្រើសក៏មិនជាប់ ដើមត្របែកក៏មិនជាប់ មានតែដើមពង្រ ឈើនោះ ធ្វើកង់រទេះជាប់មាំ ។ ( វឌ្ឍកី … ) ស្លឹកពង្រនោះ បែបដូចម្តេច ដើម ពង្រនោះបែបដូចម្តេច ម្នាលសម្លាញ់យើងសួរហើយ អ្នកចូរប្រាប់ យើងគប្បីស្គាល់ដើមពង្រយ៉ាងណា ។ ( កាឡសីហៈ … ) មែកឈើណា សំយុងចុះផង ទន់ទោរផង មិនបាក់ផង ខ្ញុំឈរក្បែរគល់ឈើណា ឈើនោះ ហើយជាដើមពង្រ ។ ដើមពង្រនេះ គួរដល់ការងាររបស់អ្នក ដើម្បីកាំរទេះ ទាំងឡាយ ដើម្បីកង់ និងដុំរទេះទាំងឡាយ ដើម្បីចន្ទោលរទេះ និងខ្នងកង់រទេះ និងរបស់សព្វគ្រប់ ក្រៅពីនេះទាំងអស់ ។ ( អភិសម្ពុទ្ធគាថា ) ព្រោះហេតុនោះ ទេវតាអាស្រ័យ នៅលើដើមពង្រ បាននិយាយថា ពាក្យរបស់ខ្ញុំក៏មានដែរ ម្នាល ភារទ្វាជព្រាហ្មណ៍ អ្នកឯងចូរស្តាប់ពាក្យខ្ញុំសិន ។ អ្នកចូរអារយកស្បែកខ្លាឃ្មុំនេះត្រង់ក ចំនួន ៤ ធ្នាប់ ហើយយកស្បែកនោះ មកទ្រាប់ខ្នងកង់រទេះ ធ្វើយ៉ាងនេះ ទើប ជាប់មាំមួន ។ ទេវតាដែលអាស្រ័យនៅលើដើមពង្រ បានសម្រេច ពៀរហើយ បាននាំយកសេចក្តីទុក្ខ មកឲ្យដល់ខ្លាឃ្មុំទាំងឡាយ ដែលកើតហើយផង ដែលមិនទាន់កើតហើយផង ដោយប្រការ ដូច្នេះ ។