ជវនហំសជាតកទី ៣

ក្បាលទី 48 · ទំព័រ 806

( ព្រះបាទពារាណសី មានព្រះរាជឱង្ការថា ) នែ ហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្ត របស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។ ( រាជហង្ស … ) បុគ្គលខ្លះ គ្រាន់តែឮហើយ ស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយ អស់សេចក្តី ស្រឡាញ់ក៏មាន ខ្លះឃើញផង ឮផង ទើបស្រឡាញ់ក៏មាន ចុះ ព្រះអង្គ គ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។ ( ព្រះរាជា … ) អញគ្រាន់តែបានឮ ស្រឡាញ់ ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែ ហង្ស ឯង អញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុង សម្នាក់អញចុះ ។ ( រាជហង្ស … ) ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ ថា នាយពិសេស ចូរចម្អិនសាច់ស្តេចហង្ស យកមកឲ្យយើង ។ ( ព្រះរាជា … ) ថ្វឺយ ខ្ពើម ការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញ ជាងឯង បើឯងនៅក្នុងដំណាក់ អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ ( រាជហង្ស … ) សម្តីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សម្តីរបស់ពួកមនុស្ស កម្រដឹង បាន ជាងសម្តីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថាជាញាតិ ជាមិត្ត ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយ មក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។ បុគ្គលណា មានចិត្តស្មោះស្មើ ដោយសារសេចក្តី ស្រឡាញ់ បុគ្គលនោះ ឈ្មោះថានៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជា នៅក្នុងទីឆ្ងាយ ។