ចុល្លនារទកស្សបជាតកទី ៤
( តាបសពោធិសត្វសួរថា ) ឧសកូនឯងមិនពុះ ទឹកកូនឯងមិនដង ភ្លើងក៏កូនឯងមិនបង្កាត់ កូនឯងជាមនុស្ស ល្ងង់ខ្លៅឬ បានជានៅសញ្ជប់សញ្ជឹង ។ ( តាបសកុមារតបថា ) ខ្ញុំមិនអាចនៅក្នុងព្រៃបាន ទេ បពិត្រកស្សបៈ ខ្ញុំសូមលាលោក ការនៅក្នុងព្រៃពិបាក ខ្ញុំចង់ ទៅដែនវិញ ។ ខ្ញុំចេញទៅពីព្រៃនេះ ហើយនៅក្នុងជនបទណា បពិត្រតាបសដ៏ប្រសើរ បុគ្គលគប្បីសិក្សាឫកពាយ៉ាងណា សូម ព្រះបិតា ប្រៀនប្រដៅទំនេមោទម្លាប់នោះដល់ខ្ញុំ ។ ( តាបស … ) បើបាឯងលះបង់ព្រៃ និងមើមឈើ ផ្លែឈើ ហើយពេញចិត្តនឹងការនៅក្នុងដែនវិញ បាឯងចូរស្តាប់ទំនៀម ទម្លាប់នោះរបស់អញ ។ បាឯងចូរកុំសេពថ្នាំពិស ចូរចៀសវាងអណ្តូង កុំឲ្យ លិចទៅក្នុងភក់ឡើយ ចូរប្រព្រឹត្តប្រយ័ត្ន នឹងពួកអាសិរពិស ។ ( តាបសកុមារ … ) អ្វីជាថ្នាំពិស ជាអណ្តូង ជា ភក់ របស់អ្នកប្រព្រឹត្តព្រហ្មចរិយធម៌ លោកពោលនូវអ្វីថាជា អាសិរពិស ខ្ញុំសួរហើយ សូមលោកប្រាប់រឿងនោះដល់ខ្ញុំ ។ ( តាបសពោធិសត្វ … ) នែបា គ្រឿងត្រាំក្នុងលោក គេហៅថា ស្រា ជារបស់ពេញចិត្ត ជារបស់ឈ្ងុយឈ្ងប់ ឆ្ងាញ់ ពិសា មានឧបមាដូចរសផ្អែមតូចមួយ ម្នាលនារទៈ ព្រះអរិយៈ ទាំងឡាយបានពោលថា ស្រានោះ ជាថ្នាំពិសរបស់បុគ្គលអ្នក ប្រព្រឹត្តព្រហ្មចារ្យ ។ នែបា ស្ត្រីទាំងឡាយក្នុងលោក រមែងញាំញីនូវបុរស ដែលស្រវឹងហើយ ពួកស្ត្រីទាំងនោះ តែងផ្សាយចិត្តទៅរកប្រុស កំលោះ ដូចជាខ្យល់ផាត់នូវប៉ុយគរ ដែលជ្រុះអំពីដើម ម្នាលនារទៈ នោះហើយ ដែលលោកហៅថាអណ្តូងរបស់អ្នកប្រព្រឹត្តព្រហ្មចារ្យ ។