កាលិង្គពោធិជាតកទី ៦

ក្បាលទី 48 · ទំព័រ 847

( អភិសម្ពុទ្ធគាថា ) ព្រះបាទកាលិង្គជាស្តេចចក្រពត្តិ គ្រប់គ្រងមនុស្សលើផែនដីដោយធម៌ ស្តេចបានមកដល់ទីជិត ពោធិព្រឹក្ស ដោយដំរីមានអានុភាពធំ ។ ភារទ្វាជព្រាហ្មណបុរោហិត នៅក្នុងដែនកាលិង្គ លើកកម្បង់អញ្ជលីចំពោះព្រះរាជាចក្រពត្តិ ដែលទ្រង់ប្រសូតចាក ត្រកូលសមណៈព្រះនាមចុល្លកាលិង្គ ក្រាបទូលពាក្យនេះថា ។ បពិត្រមហារាជ សូមព្រះអង្គស្តេចចុះមក ចំណែក នៃផែនដីនេះ ជាប្រទេសដែលសមណៈសរសើរហើយ ព្រះពុទ្ធ ទាំងឡាយ មានគុណថ្លឹងមិនបាន តែងត្រាស់ដឹងហើយ រុងរឿង ក្នុងទីនេះ ។ បពិត្រមហារាជ តាមដែលខ្ញុំព្រះអង្គឮមកថា ស្មៅ និងវល្លទាំងឡាយ ក្នុងចំណែកនៃផែនដីនេះ វិលកួចទៅខាងស្តាំ នេះជាផ្ទិតនៃផែនដី ។ ផ្ទិតនៃផែនដីនេះ ដែលមានសមុទ្រសាគរជាទីបំផុត ជាទីទ្រទ្រង់នូវសត្វទាំងពួង សូមព្រះអង្គស្តេចចុះមកធ្វើនមស្ការ ។ ពួកដំរីណា ដែលកើតក្នុងឧបោសថត្រកូល ជាដំរីដ៏ ប្រសើរ ដំរីទាំងនោះ រមែងមិនហានចូលទៅកាន់ប្រទេស មាន ប្រមាណបុណ្ណោះទេ ។ ដំរីកើតក្នុងឧបោសថត្រកូលក៏ពិតហើយ តែប្រទេស បុណ្ណេះនេះ ដំរីនុ៎ះមិនហានចូលទៅជិតទេ សូមព្រះអង្គយកកង្វេរ ពេជ្រ ( កាប់ ) បញ្ជូនដំរីដ៏ប្រសើរ ដែលគេបានបង្វឹកហើយ ( ឲ្យចូលទៅលមើល ) ។ ព្រះបាទកាលិង្គ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណបុរោហិតនោះហើយ ទ្រង់ពិចារណាតាមពាក្យបុរោហិត ជាអ្នក មើលលក្ខណៈ ទើបបង្ខំដំរីដ៏ប្រសើរ ដែលកើតក្នុងឧបោសថត្រកូល ដោយគិតថា យើងនឹងបរ ( ដំរី ) ចូលទៅតាម ពាក្យរបស់បុរោហិតនេះលមើល ។