អដ្ឋកថា កាលិង្គពោធិជាតកទី ៦

ក្បាលទី 48 · ទំព័រ 850

[ ១០៨៨-១១០៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធការបូជាមហាពោធិ៍ ដែលព្រះអានន្ទត្ថេរធ្វើហើយ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា រាជា កាលិង្គោ ចក្កវត្តិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កាលព្រះតថាគតទ្រង់យាងចារិកតាមជនបទ ដើម្បី ប្រយោជន៍សង្គ្រោះវេនេយ្យសត្វ អ្នកក្រុងសាវត្ថីកាន់គ្រឿងក្រអូប និងកម្រង ផ្កាជាដើមទៅកាន់វត្តជេតពន មិនបានបូជនីយដ្ឋានដទៃ ក៏ដាក់តម្កល់ត្រង់ទ្វារ ព្រះគន្ធកុដិ ហើយចៀសចេញទៅ ដោយហេតុនោះ ជនទាំងនោះ ក៏មាន បាមោជ្ជយ៉ាងក្រៃលែង ។ អនាថបិណ្ឌិកសេដ្ឋី ជ្រាបហេតុនោះហើយ ទើប ទៅកាន់សម្នាក់ព្រះអានន្ទត្ថេរ ក្នុងពេលដែលព្រះតថាគតយាងមកវត្តជេតពន ពោលថា បពិត្រលោកម្ចាស់ កាលព្រះដ៏មានព្រះភាគយាងចារិកទៅ វិហារ នេះមិនមានបច្ច័យ មនុស្សទាំងឡាយមិនមានទីបូជាដោយគ្រឿងក្រអូប និងផ្កា ជាដើម បពិត្រលោកម្ចាស់ ខ្ញុំសូមឱកាសទៅចុះ សូមលោកម្ចាស់ក្រាបទូល រឿងនេះដល់ព្រះតថាគត ហើយចូរដឹងទីដែលគួរបូជាត្រង់ណាមួយកន្លែង ។ ព្រះអានន្ទត្ថេរទទួលថា សាធុ ហើយទូលសួរព្រះតថាគតថា បពិត្រព្រះអង្គ ចេតិយមានបុន្មានយ៉ាង ព្រះតថាគតត្រាស់ថា ម្នាលអានន្ទ មាន ៣ យ៉ាង ព្រះអានន្ទទូលសួរថា បពិត្រព្រះអង្គ ៣ យ៉ាងនោះអ្វីខ្លះ ព្រះសាស្តា ត្រាស់ថា ម្នាលអានន្ទ ៣ នោះ គឺធាតុចេតិយ ១ បរិភោគចេតិយ ១ ឧទ្ទេសិកចេតិយ ១ ។ ព្រះអានន្ទទូលថា បពិត្រព្រះអង្គ កាលទ្រង់ចារិកទៅ ខ្ញុំព្រះអង្គអាចធ្វើចេតិយបានដែរឬ ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ សម្រាប់ ធាតុចេតិយមិនអាចធ្វើបាន ព្រោះធាតុចេតិយនោះ មានក្នុងកាលដែលព្រះពុទ្ធ បរិនិព្វានហើយ សម្រាប់ឧទ្ទេសិកចេតិយ ក៏មិនមានវត្ថុប្រាកដ ព្រោះជា