តក្ការិយជាតកទី ៨
( ព្រាហ្មណបុរោហិតនិយាយថា ) ខ្ញុំឯងជាមនុស្ស ល្ងង់ និយាយសម្តីទាស់ ដូចជាកង្កែបហៅពស់ក្នុងព្រៃ ម្នាល តក្ការិយៈ ខ្ញុំធ្លាក់ក្នុងរណ្តៅនេះ ព្រោះឮថា បុគ្គលនិយាយហួស ប្រមាណ មិនប្រពៃឡើយ ។ ( តក្ការិយពោធិសត្វតបថា ) បុគ្គលអ្នកនិយាយ ហួសប្រមាណ តែងដល់នូវការចង ការសម្លាប់ សោក និង ខ្សឹកខ្សួល លោកតិះដៀលខ្លួនលោក ព្រោះតែហេតុនោះ បពិត្រ លោកអាចារ្យ ពួកជនកប់លោកក្នុងរណ្តៅឥឡូវនេះ ។ ( មហាសត្វតំណាលពីសេដ្ឋីបុត្រនិយាយថា ) ថ្វី បានជាអញសួរ អញយកអាសាតុណ្ឌិលៈជាបងនាងកាលី បានជា អញត្រូវគេដណ្តើមយកសំពត់ទាំងគូ ហើយជាមនុស្សអាក្រាត ដំណើរនេះឯង ប្រហែលគ្នានឹងលោកច្រើនប្រការ ។ ( តំណាលរឿងកុកសថា ) កាលពពែទាំងពីរ កំពុងតែជល់គ្នា កុកសណាចូលទៅត្រង់ចន្លោះពពែ កុកសនោះ ត្រូវក្បាលពពែទាំងពីរ ទង្គិចខ្ទេចក្នុងទីនោះ ដំណើរនេះប្រហែល គ្នានឹងលោក ច្រើនយ៉ាង ។ ( តំណាលរឿងជន ៤ នាក់ថា ) ជន ៤ នាក់កាន់ ជាយក្រមា ចាំត្រងបុរសម្នាក់ ( ដែលលោតពីចុងត្នោត ) ជន ទាំង ៤ នាក់នោះ បែកក្បាលដួលស្លាប់ ដំណើរនេះប្រហែលគ្នា នឹងលោក ច្រើនយ៉ាង ។ ( តំណាលរឿងពពែថា ) ដូចជាមេពពែដែលចោរ ចងទុកក្បែរគុម្ពបឫស្សី ទធាក់ជើងក្រោយលេង បានជាន់កាំបិត ហេតុនោះ បានជាចោរអារបំពង់កមេពពែនោះ ដំណើរនេះឯង ប្រហែលគ្នានឹងលោក ច្រើនយ៉ាង ។ ( តំណាលរឿងព្រះរាជាពារាណសី ត្រាស់ថា ) កិន្នរទាំងពីរនេះ មិនមែនជាទេវតា មិនមែនជាគន្ធព្វបុត្រទេ កិន្នរ ទាំងនេះជាម្រឹគទេ កិន្នរទាំងនេះ ព្រានព្រៃបាននាំមកដោយ អំណាចប្រយោជន៍ ពួកអ្នកធ្វើក្រយាស្ងោយ ចូរចម្អិនកិន្នរមួយ នោះក្នុងពេលបាយល្ងាច ចូរចម្អិនកិន្នរមួយទៀត ក្នុងពេល បាយព្រឹក ។