អដ្ឋកថា តក្ការិយជាតកទី ៨
[ ១១២៤-១១៣៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធភិក្ខុឈ្មោះកោកាលិកៈ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អហមេវ ទុព្ភាសិតំ ភាសិ ពាលោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ខាងក្នុងវស្សាមួយ អគ្គសាវ័កទាំងពីរ បំណងនឹងលះបង់ ពួកគណៈនៅស្ងប់ស្ងាត់ ទូលលាព្រះសាស្តាទៅដល់លំនៅរបស់កោកាលិកភិក្ខុ ក្នុងកោកាលិករដ្ឋ ពោលជាមួយលោកយ៉ាងនេះថា អាវុសោ កោកាលិកៈ ខ្ញុំ និងលោកអាស្រ័យគ្នាទៅវិញទៅមក នឹងនៅជាសុខ ខ្ញុំសូម នៅចាំវស្សាក្នុងទីនេះឯង អស់ ៣ ខែនេះ ។ កោកាលិកភិក្ខុតបថា អាវុសោ លោកម្ចាស់អាស្រ័យខ្ញុំហើយ នឹងនៅជាសុខបានដូចម្តេច ។ អគ្គសាវ័កឆ្លើយ ថា អាវុសោ អ្នកកុំប្រាប់ដល់អ្នកណាថា អគ្គសាវ័កនៅចាំវស្សាក្នុងទីនេះ ខ្ញុំ គប្បីនៅសប្បាយ នេះ ឈ្មោះថា ខ្ញុំអាស្រ័យលោកនៅជាសុខ កោកាលិកៈ សួរថា កាលបើដូច្នេះ ខ្ញុំអាស្រ័យលោក គប្បីនៅជាសុខដូចម្តេច ព្រះថេរៈ ពោលថា ខ្ញុំនឹងប្រាប់ នឹងពោលនូវធម្មកថាដល់លោកអស់ត្រៃមាស នេះ លោកអាស្រ័យខ្ញុំនៅជាសុខ កោកាលិកភិក្ខុពោលថា អាវុសោ សូមលោក នៅតាមអធ្យាស្រ័យចុះ ហើយបានប្រគេនសេនាសនៈដែលសមគួរដល់លោក ទាំងពីរ ។ អគ្គសាវ័កទាំងពីរ នាំគ្នានៅសប្បាយដោយសេចក្តីសុខក្នុងផលសមាបត្តិ ។ បុគ្គលណាម្នាក់មិនដឹងថា លោកមកគង់នៅក្នុងទីនេះ ។ លោក ទាំងពីរចាំវស្សាហើយ បវារណាស្រេច ក៏នាំគ្នាប្រាប់កោកាលិកភិក្ខុនោះថា អាវុសោ ខ្ញុំអាស្រ័យលោកនៅសប្បាយហើយ នឹងនាំគ្នាទៅថ្វាយបង្គំព្រះសាស្តា លោកទទួលថា សាធុ ហើយនាំអគ្គសាវ័កទាំងពីរត្រាច់បិណ្ឌបាតក្នុង ស្រុកក្បែរៗ ។ ព្រះថេរៈទាំងឡាយធ្វើភត្តកិច្ចស្រេចហើយ ក៏នាំគ្នាចេញអំពី ស្រុក ។ កោកាលិកភិក្ខុ បញ្ជូនព្រះថេ